(វ៉ាស៊ីនតោន)៖​ រដ្ឋអាជ្ញាពិសេសអាមេរិក លោក Robert Mueller ត្រូវបានគេរាយការណ៍ថា ទទួលបានសារអេឡិចត្រូនិច ឬអ៊ីមែល រាប់ម៉ឺនសារពីក្រុមរៀបចំការផ្ទេរ អំណាចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតជុំវិញរឿងអាស្រូវចោទថារុស្ស៊ីបានលូកដៃចូលក្នុងការកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ​នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ក្រុមរៀបចំការផ្ទេរអំណាចរបស់ លោក ដូណាល់ ត្រាំ ឬគេស្គាល់ថា GSA បានផ្ដល់សារអ៊ីមែលទាំងនេះទៅឱ្យក្រុម ស៊ើបអង្កេតរបស់លោក Mueller កាលពីរដូវក្ដៅកន្លងទៅ។ ប៉ុន្តែទន្ទឹមគ្នា នៅក្នុងលិខិតមួយផ្ញើជូនសភាអាមេរិក មេធាវីលោក ត្រាំ គឺលោក Kory Langhofer បានចោទ ប្រកាន់ថារដ្ឋអាជ្ញាពិសេសអាមេរិក ទទួលបានសារអ៊ីមែលទាំងនេះដោយខុសច្បាប់ពីភាគីទីបី ហើយមិនតែប៉ុណ្ណោះលោកក៏បានអះអាងដែរថាសិទ្ធិរដ្ឋធម្មនុញ្ញត្រូវបាន រំលោភបំពានដោយសារការទម្លាយពីរឿងអ៊ីមែល។

គួរបញ្ជាក់ថា បើតាមលោក Kory Langhofer ​GSA មិនមាន និងមិនបានគ្រប់គ្រងសារអ៊ីមែលឡើយ ខណៈមកទល់ពេលនេះ GSA ខ្លួនឯងមិនទាន់ធ្វើការអត្ថាធិប្បាយ ណាមួយឡើយនោះទេ៕