(អាហ្វហ្គានីស្ថាន)៖ ក្រុមអ្នកតាមដាន​ស្ថានការណ៍ នៅប្រទេសអាហ្វហ្គានីស្ថាន បានលើកឡើង​ថា ក្រុមសកម្មប្រយុទ្ធ ឬភេរវករ ISIS ដែលបានថមថយឥទ្ធិពលខ្លាំងនៅស៊ីរី និងរលំរលាយ​ស្ទើរតែទាំងស្រុងនៅក្នុង​ប្រទេសអ៊ីរ៉ាក់ទៅហើយនោះ កំពុងតែព្យាយាម​ប្រមូលផ្តុំកម្លាំង​ឡើង​វិញតាមរយៈការអំពាវនាវ​ឲ្យយុវជនបន្ថែមទៀត ចូលរួមកម្លាំងក្នុងក្រុម ព្រមទាំងការសិក្សា​រកវិធីបង្កើតមូលដ្ឋាន​ស្នូលរបស់ខ្លួន នៅក្នុងប្រទេស​អាហ្វហ្គានីស្ថានវិញ។ នេះបើតាមការ​ដក​ស្រង់ការផ្សាយចេញពី ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០១៧។

មន្ត្រីសន្តិសុខ​អាហ្វហ្គានីស្ថាន បានប្រាប់​ស៊ីនហួរ​ដោយសុំមិន​បញ្ចេញឈ្មោះថា «អំឡុងពេល​នៃរដូវរងារ វាពិតជាពិបាកណាស់ នៅក្នុងការប្រយុទ្ធគ្នាលើទឹកដីអាហ្វហ្គានីស្ថាន ជាពិសេស​គឺនៅតំបន់ប្រជុំភ្នំ ប៉ុន្តែនារដូវត្រជាក់ខ្លាំងបែបនេះវិញ ពួកសកម្មប្រយុទ្ធ​តែងតែឆក់យកឱកាស​ដើម្បីអូសទាញ​យុវជនក្នុងតំបន់ ឲ្យចូលរួម​ក្រុមពួកគេ។ ពួក ISIS នៅតំបន់ Darazab និង Qush Tepa ក៏ដូច្នោះដែរ ដោយពួកគេ​កំពុងតែពង្វក់មនុស្ស​បន្ថែមទៀត មុននឹង​រដូវស្លឹក​ឈើលាស់ និងក្តៅចូលមកដល់ ដែលគេ​ស្គាល់ថា ជារដូវប្រយុទ្ធគ្នានោះ»

គួរបញ្ជាក់ថា ក្រៅពីការអះអាង​ខាងលើនេះ មន្ត្រីសន្តិសុខអាហ្វហ្គានីស្ថាន​ ក៏បានសង្កត់ធ្ងន់​ទៀតថា ប្រទេស​អាហ្វហ្គានីស្ថាន កំពុងក្លាយជាគោលដៅ​រឹងមាំនៅ​ថ្ងៃអនាគត សម្រាប់ក្រុម ISIS ឬក៏ IS តាមរយៈការសម្លឹង​មើលទីតាំង​យុទ្ធសាស្ត្រ ដែលអាចឲ្យពួកគេ​ពង្រឹងកម្លាំង និងប្រមូលផ្តុំធនធាន​ដ៏មានសុវត្ថិភាព ដើម្បីបន្តការវាយប្រហារ​ និងអុកឡុកតំបន់អាស៊ីខាងត្បូង និងកន្លែងផ្សេងៗ​ទៀតនៅទូទាំង​ពិភពលោក៕