(ម៉ានីល)៖ មេបញ្ជាការយោធា​ជាន់ខ្ពស់​ហ្វីលីពីន លោក Rey Leonardo Guerrero បាន​ព្រមានថា រដ្ឋាភិបាលហ្វីលីពីន​អាចនឹងពង្រីកវិសាលភាព​ច្បាប់អាជ្ញាសឹក នៅលើកោះ​មិនដាណាវ រហូតដល់​ទូទាំងប្រទេស បើសិនជាពួកឧទ្ទាម នៅភាគខាងត្បូង​នៃប្រទេស ហ៊ានបង្កជម្លោះ និងបន្តធ្វើសកម្មភាព​វាយប្រហារណាមួយ​ក្នុង ចេតនាផ្ដួល​រំលំ​រដ្ឋាភិបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងប្រាប់ក្រុម​អ្នកសារព័ត៌មាន នៅឯទីស្នាក់ការ​កងកម្លាំង​ហ្វីលីពីន លោក Guerrero បាននិយាយថា ការសម្រេចចិត្ត​ពង្រីកវិសាលភាព​ច្បាប់​អាជ្ញាសឹកនៅទូទាំង​ប្រទេស គឺអាស្រ័យទៅលើស្ថានភាព​នយោបាយ និងសកម្មភាព​របស់ពួកឧទ្ទាម។ «បើសិនជាពួក​ឧទ្ទាមហ៊ានប្រែក្លាយ​អំពើហិង្សា ទៅជាសកម្មភាព​ផ្ដួលរំលំ​រដ្ឋាភិបាល នោះយើងនឹង​ឆ្លើយតបយ៉ាង​សម ទៅតាមស្ថានភាព​ជាក់ស្ដែង»។ នេះបើតាម លោក Leonardo Guerrero ដោយថែមទាំង​បញ្ជាក់ទៀតថា លោកមិនចង់​លម្អិតពីបញ្ហា
នេះឡើយ ព្រោះវាជារឿង​ប្រថុយប្រថាន។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ សភាហ្វីលីពីន​ បានសម្រេចអនុញ្ញាត​តាមសំណើរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក្នុងការពន្យាពេល​​​ច្បាប់​អាជ្ញាសឹក​​ នៅលើកោះ​មីនដាណាវ (Mindanao) ឲ្យមាន​សុពលភាព សម្រាប់រយៈពេល ០១ឆ្នាំទៀត ដើម្បីទុក​ឱកាស​ឲ្យ​កង​ទ័ព​​រដ្ឋា​ភិ​បាល​កម្ទេច​ពួកភេរវករ​ ក៏ដូចជា​ក្រុមឧទ្ទាម នៅតំបន់ភាគ​ខាង​ត្បូងប្រទេស​ ឲ្យអស់ទាំង​ស្រុង។ ប៉ុន្តែទន្ទឹមគ្នា លោក ឌូតឺតេ ក៏បានព្រមាន​ដែរថា ការពង្រីកច្បាប់អាជ្ញាសឹក​នៅទូទាំងប្រទេស គឺអាស្រ័យ​ទៅនឹងសកម្មភាព របស់សត្រូវ​នៃប្រជាជាតិ​ហ្វីលីពីន៕