(អង់ការរ៉ា)៖ ប្រទេសតួកគី និងកាតា គឺជាអ្នកឧបត្ថម្ភថ្មី នៃមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម នៅមជ្ឈិមបូព៌ា។ នេះបើតាមការលើកឡើង​របស់មន្រ្តីជាន់ខ្ពស់ ផ្នែកសន្តិសុខជាតិ អាមេរិក លោក McMaster ដកស្រង់ដោយ​សារព័ត៌មាន The National ដែលមានទីតាំងនៅសហព័ន្ធអារ៉ាប់រួម។

ការកត់សម្គាល់​បែបនេះ របស់លោក McMaster ធ្វើឡើងបន្ទាប់ពី​មានការកើនឡើង នៃការកាន់អំណាច​របស់គណៈបក្ស AKP ដែលធ្វើអោយ​មានបញ្ហារវាង​ប្រទេសតួកគី ជាមួយលោកខាង​លិចកាន់​តែកើនឡើង។ លោក McMaster បានបន្ថែមទៀតថា «មនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយម គឺជាការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនស៊ីវិល ទាំងអស់»។ វាកំពុងត្រូវបាន​រីកដុះដាល តាមរយៈអង្គការ​មនុស្សធម៌ Madrassas និងអង្គការ​សង្គមផ្សេងៗ​ទៀត»

គួរបញ្ជាក់ថា បច្ចុប្បន្ន​ទំនាក់ទំនងរវាង​ប្រទេសតួកគី និង​សហរដ្ឋអាមេរិក កំពុងមានភាពចម្រូង​ចម្រាស​យ៉ាងខ្លាំង ដោយសារការទទួលស្គាល់​ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់​អ៊ីសា្រអែល។​ ចំណែកឯ​មន្ដ្រីតួកគី និងអ្នកជំនាញ​គាំទ្រ លោក Erdogan ប្រធានាធិបតីតួកគី ក៏បានរិះគន់រដ្ឋាភិបាល​អាមេរិក ចំពោះការគាំទ្រ និងបំពាក់អាវុធ​ដល់ពួកឃើដ ​នៅ​ក្នុងប្រទេសស៊ីរីផងដែរ៕