(ប៉េកាំង)៖ រដ្ឋាភិបាល​ទីក្រុងប៉េកាំង បានបង្ហើបពី​គំរោងបាញ់បង្ហោះផ្កាយ​រណប​ជាច្រើន ដើម្បីជួយសម្រួល​ដល់ការគ្រប់គ្រង និងការត្រួតពិនិត្យ​ពីចំងាយលើតំបន់ សមុទ្រចិនខាងត្បូង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

ជុំវិញគំរោងបាញ់​បង្ហោះផ្កាយរណប​នេះដែរ វិទ្យាស្ថាន Sanyan Institute of Remote Sensing បានឱ្យដឹងថា បេសកកម្មនេះ​នឹងចាប់ផ្ដើមនៅឆ្នាំ២០១៩ នៅពេលដែល ផ្កាយរណបអុបទិចចំនួន ០២ ត្រូវបានបាញ់បង្ហោះ ហើយបន្ទាប់មកទៀត​ផ្កាយរណបអុបទិច​ចំនួន០៣ និង ផ្កាយរណប​ប្រមូលទិន្នន័យ​ចំនួន ០២ ព្រមទាំងផ្កាយរណប SAR ០២គ្រឿងទៀត ក៏នឹងត្រូវបានបាញ់បង្ហោះផងដែរ ដើម្បីបញ្ចប់​ទាំងស្រុង​នៅកម្មវិធី Satellite Constellation Program នៅឆ្នាំ២០២១ ដែលមានគោលដៅ​ដឹកនាំការ ត្រួតពិនិត្យពីចំងាយ ២៤ម៉ោង លើ ២៤ម៉ោង លើតំបន់​សមុទ្រត្រូពិច។

គួរបញ្ជាក់ថា បើតាម​នាយកវិទ្យាស្ថាន Sanyan Institute of Remote Sensing លោក Yang Tianliang បណ្ដាញទំនាក់ទំនង​ និងគ្របដណ្ដប់លើតំបន់ចន្លោះពីខ្សែ​ស្រប ៣០ដឺក្រេខាងជើង និងខាងត្បូង​នៃតំបន់អេក្វាទ័រ។ បន្ថែមពីនេះ លោក Yang ​បានបញ្ជាក់ដែរថា កម្មវិធីនេះនឹងជួយ​ដល់គំនិតផ្ដួចផ្ដើម​វិថីសូត្រ និងការធ្វើសកម្មភាពជា បន្ទាន់នៅ​សមុទ្រ៕