(វ៉ាស៊ីនតោន)៖ ការបែកបាក់​ប្រេះឆា នៅក្នុងទស្សនៈ​យល់ឃើញរបស់​សាធារណជន​អាមេរិក ជុំវិញការគ្រប់គ្រង​កាំភ្លើងកាន់​តែ​​ធ្ងន់​ធ្ងរ​ទៅៗ ខណៈករណីបាញ់​ប្រហារ​ដ៏​សាហាវៗ បានផ្ទុះឡើង​ជាបន្តបន្ទាប់។ នេះបើតាមការ​ចេញ​ផ្សាយ​ដោយ​ ទីភ្នាក់​ងារ​​ព័ត៌​មាន​​​ចិន ស៊ីនហួរ នៅរសៀល​​ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

សារព័ត៌មាន CBS ព្រមទាំងក្រុមហ៊ុនស្រាវជ្រាវ​ទីផ្សារ និងវិភាគ​ទិន្នន័យ YouGov ដែលបាន​សម្ភាសន៍​ទៅ​លើពលរដ្ឋអាមេរិក​វ័យ​កណ្តាល​ ចំនួន​ ២,០៧៣នាក់ តាមបណ្តាញ​អ៊ីនធើណែត កាលពីចន្លោះ​ថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែធ្នូនេះ បានបញ្ចេញ​របាយការណ៍ ស្ទង់​មតិ​របស់ពួកគេ​ក្នុងឱកាសគម្រប់ខួប ០៥ឆ្នាំនៃ ព្រឹត្តិការណ៍​សោកនាដកម្ម​​បាញ់ប្រហារ នៅឯសាលារៀន Sandy Hook ដែល​បាន​បណ្តាលឲ្យ​ក្មេងៗ ២០នាក់ រួមនិងមនុស្សវ័យជំទង់​ ០៦នាក់ទៀត បាត់បង់ជីវិត។

គួរជម្រាបថា យោងតាមលទ្ធផល​ស្ទាបស្ទង់មតិខាងលើ ចំពោះអ្នកប្រើកាំភ្លើងភាគច្រើន កាំភ្លើងគឺជា​ផ្នែកមួយ ដែលធ្វើឲ្យ​សហ​រដ្ឋ​អាមេរិក​មាន «ភាពអស្ចារ្យ (សំឡេង ៥៣ភាគរយ)», «សេរីភាព (៦១ភាគរយ)», «ភាពខ្លាំង​ក្លារឹងមាំ (៥៥ភាគរយ)», និង «​​សុវត្ថិ​ភាព (៥៩ភាគរយ)»។ ដោយឡែក សម្រាប់អ្នកមិនប្រើប្រាស់​កាំភ្លើងវិញ អាវុធនេះ​​ធ្វើឲ្យ​អាមេរិកជា «កន្លែង​គ្រោះថ្នាក់ (​៥៥ភាគ​រយ)» និង «គួរឲ្យខ្លាច (៣៨ភាគរយ)» ហើយ​ជាបញ្ហាដ៏ធំបំផុត​មួយរបស់ប្រទេស​ថែមទៀតផង»។

ការស្ទង់មតិដដែលនេះ បានរកឃើញ​ទៀតថា ៦៣ភាគរយ ជឿថា​ហេតុការណ៍ បាញ់ប្រហារសម្លាប់​មនុស្សយ៉ាងរង្គាល​​ ដូចជា​​នៅ​​ឡាសវេហ្គាស់ (Las Vegas), ញូថោន (Newtown), ឬក៏ អរឡេនដូ (Orlando) អាចទប់ស្កាត់បាន ក៏ប៉ុន្តែ​​មានការខ្វែងគំនិត​គ្នាខ្លាំង​រវាងអ្នកមាន និងពុំមានកាន់កាប់​កាំភ្លើង។​

គួរជម្រាបថា អ្នកប្រើប្រាស់​កាំភ្លើង​ ៥១ភាគរយ​ ជឿជាក់ថា ហេតុការណ៍បាញ់​ប្រហារសម្លាប់​រង្គាល គឺជារឿង​​មួយដែល​អ្នករស់​នៅ​ក្នុងសង្គមសេរី​ត្រូវទទួលស្គាល់ និងទទួលយក ខណៈអ្នកមិនប្រើ​កាំភ្លើង​ ៦៧ភាគរយ បាននិយាយថា​ ពួកវា​អាចបញ្ចៀស​បាន​ប្រសិនបើ​មានកិច្ចខិតខំ​ប្រឹងប្រែង និងយកចិត្តទុក​ដាក់គ្រប់គ្រាន់។

ក្រៅពីនេះ ប្រជាជនអាមេរិក​ ៧៦ភាគរយ ដែលមិនគាំទ្រ​ឲ្យមានការរឹតបន្តឹង​​ច្បាប់​​​​កាំភ្លើងនោះ មានក្តី​ព្រួយបារម្ភ​ថា ​ច្បាប់បែប​នេះ​​ នឹងនាំទៅរកការដកហូត​រាល់កាំភ្លើងទាំង​អស់ទាំងម្តង ខណៈ ៦៩ភាគរយ​ មិនចូលចិត្តគំនិត​​​​​​​ ដែលអនុញ្ញាតឲ្យ​​រដ្ឋាភិបាល​មានឃ្លាំង​ស្តុកទិន្នន័យរបស់​អ្នកកាន់កាប់កាំភ្លើង​នោះឡើយ។ ម៉្យាងវិញទៀត​មតិ ៨៦ភាគរយ ជឿជាក់ថា​ ​ច្បាប់ទាំងនេះ នឹងមិន​អាចបញ្ឈប់​​ឧក្រិដ្ឋជន ពីការ​ប្រើប្រាស់កាំភ្លើងបានឡើយ។

ស្របពេលដែលការ​ជជែកដេញដោល ជុំវិញការប្រើប្រាស់​កាំភ្លើងនៅក្នុង​ប្រទេស​ កើនឡើងកម្តៅ​យ៉ាងក្តៅគគុក ភាគីទាំងពីរ​មាន​​​ការសង្ស័យ ទៅលើចេតនា​របស់ភាគីម្ខាងៗ។ ក្រុមអ្នកប្រើប្រាស់​កាំភ្លើងភាគច្រើន សង្ស័យអ្នក​ប្រឆាំងនឹង​ការប្រើប្រាស់​​កាំ​ភ្លើងថា កំពុងព្យាយាម​ដកហូត​កាំភ្លើងពីពួកគេ ហើយផ្តល់អំណាច​ឲ្យរដ្ឋាភិបាល មានសិទ្ធិគ្រប់គ្រង​កាន់តែខ្លាំង​ទៅលើ​ប្រជាជន។ ​ចំណែក​អ្នកមិនកាន់​កាំភ្លើងវិញ​គិតថា ក្រុមអ្នកគាំទ្រសិទ្ធិ​ប្រើ​កាំភ្លើង​ កំពុងព្យាយាម​ស្តុកទុកអាវុធ ដើម្បីត្រៀមទុកពេល​​មាន​ជម្លោះ​ទ្រង់ទ្រាយធំ​​កើតឡើង៕​​​