(ម៉ិចស៊ីកូស៊ីធី)៖ គ្រោងយន្តហោះ​ខ្នាតតូច​មួយគ្រឿង ដែលបានបាត់​ស្រមោល កាលពីមួយសប្តាហ៍មុន ក្នុងអំឡុងពេលនៃការ​រៀន​​បើកបរ និងហោះហើរ​នោះ ទីបំផុតត្រូវបានគេរក​ឃើញ​នៅក្នុងរដ្ឋ ហ្គែរែរ៉ូ (Guerrero) ភាគ​ខាងត្បូង នៃប្រទេស​ម៉ិចស៊ីកូ រួមជាមួយនិង​​សាក​សព​របស់​​​​គ្រូ​បង្ហាត់​​ព្រមទាំង​កូនសិស្សសរុបពីររូប។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ​​សុក្រ ទី១៥ ខែធ្នូ ឆ្នាំ​២០១៧។

បើតាមសារព័ត៌មាន​ខាងលើ អាជ្ញាធរក្នុងរដ្ឋ Guerrero បានប្រទះឃើញ​យន្តហោះ​ជួបគ្រោះថ្នាក់​ខាងលើ នៅវេលាម៉ោង​ ១២៖៣០​​​នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ ​(ពេលវេលា​ក្នុងតំបន់) នៅក្នុង​ទីក្រុង អ៊ីហ្គួឡា (Iguala) ហើយវាប្រឡាក់​ពេញ​ទៅ​ដោយ​ បំណែក​​សាក​សព​​​របស់ជនរងគ្រោះម្នាក់ ដែលស្ថិតក្នុងនោះ ខណៈ​សាកសព​ម្នាក់ទៀត ត្រូវបានរកឃើញ​នៅក្បែរនោះ។

គួរជម្រាបថា យន្តហោះមានជោគវាសនាដ៏អភ័ព្វ​មួយគ្រឿងនេះ ដែលជាកម្មសិទ្ធិ​របស់សាលារៀនហោះហើរ​មួយក្នុងតំបន់នោះ បាន​ធ្វើដំណើរចាកចេញពី​ព្រលាន​យន្តហោះ ក្នុងទីក្រុង តេម៉ិចកូ (Temixco) នៃរដ្ឋ ម៉ូរ៉េឡូស (Morelos) នៅក្បែរ​រដ្ឋ Guerrero៕