(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងក្រពល់មុខ​ដោយសារតែ ​សកម្មភាពបង្ករឿង​ឥតឈប់ឈរ ពី​សំណាក់កូរ៉េខាងជើង​នោះ បានរត់រកប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដែលជាខ្នង​បង្អែក​​ដ៏ធំទី ២ ​របស់ទីក្រុង​ព្យុង​យ៉ាងឲ្យជួយ​​ម្តងទៀត ​បន្ទាប់​ពី​ចិនហាក់មិនមានឥទ្ធិពលអ្វីសោះកន្លងមក។ ការស្នើនេះត្រូវធ្វើឡើង តាមរយៈការ​សន្ទនា​គ្នា​តាមទូរស័ព្ទ ដោយមេដឹកនាំ​ទាំងពីរ បានជជែកពីមធ្យោបាយ​រួមកម្លាំងគ្នា ដើម្បី​ដោះ​ស្រាយ​ស្ថាន​​ការណ៍ដ៏តានតឹង ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ រដ្ឋកុម្មុយនិស្ត​ដ៏រឹងទទឹង​មួយនេះ។ នេះបើតាម​ការដក​ស្រង់​​ការ​ផ្សាយ​​ចេញ​ពី សារព័ត៌មាន Politico នៅព្រឹក​ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

បើតាមការឲ្យដឹង​ពីសេតវិមានអាមេរិក មេដឹកនាំ​នៃប្រទេស​ទាំងពីរ​បានពិភាក្សា​គ្នា​រយៈពេលប្រមាណ ១០នាទី។ ការជួបសន្ទនា​​តាមទូរស័ព្ទនេះ បានផ្តល់ភស្តុតាងថ្មី​សន្លាងមួយ​ផ្សេងទៀត​ដែលថា លោក ដូណាល់ ត្រាំ នឹងនៅតែបន្តព្យាយាម​សហការ​ជាមួយ លោក វ៉្លាឌីមៀ ពូទីន ទោះបីជាសព្វថ្ងៃ​រូបលោកកំពុង​ទទួលរងបញ្ហា​ផ្នែកនយោបាយ​ជាខ្លាំង​យ៉ាងណាក្តី ជុំវិញរឿងអាស្រូវ​នៃរុស្ស៊ី​ ចូល​លូកដៃ​ក្នុងកិច្ចការបោះឆ្នោត​អាមេរិកឆ្នាំ២០១៦។

ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញា​ពិសេសអាមេរិក លោក Robert Mueller ទៅលើការចោទ​ប្រកាន់ដែល​ថា ​រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ បានចូលជ្រៀតជ្រែក​ក្នុងដំណើរការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពីឆ្នាំ២០១៦ និងមាន​ទំនាក់ទំនង​សម្ងាត់​ជាមួយក្រុម​យុទ្ធនាការបោះ​ឆ្នោត​របស់ លោក ត្រាំ នោះ​បានជះឥទ្ធិពល​អវិជ្ជមានជាខ្លាំង ទៅលើទំនាក់​ទំនង​អាមេរិក-រុស្ស៊ី។ យ៉ាងណាមិញ លោក ត្រាំ នៅតែបន្តមើល​ឃើញ លោក ពូទីន ថាជាដៃគូ​ដ៏សំខាន់​បំផុតម្នាក់ ជាពិសេសនៅពេលដោះស្រាយ​​​បញ្ហារបស់​កូរ៉េខាងជើង​តែម្តង៕​​​