​(ប៉េកាំង)៖ ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង បាននិយាយ​ថា វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង​ គួរតែត្រូវបាន​ដោះស្រាយតាម​រយៈកិច្ចចរចា មិនមែន​តាមការធ្វើ​សង្រ្គាម

នោះទេ ខណៈអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បានព្រមានពី​គ្រោះថ្នាក់នៃ «ការដេកមមើដើរទៅរក​ជម្លោះ»។ នេះបើតាម​ការចេញ ផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

លោក ស៊ី ជិនពីង ធ្វើការកត់សម្គាល់​បែបនេះ ទៅកាន់ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បន្ទាប់ពីរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានបង្ហាញ​ពីចេតនាបើក​ទ្វារចរចា​ ដោយឥតលក្ខខ័ណ្ឌ​ជាមួយ​កូរ៉េខាងជើង។ ប៉ុន្តែសេតវិមាន​បែរជាថា បច្ចុប្បន្ន​មិនមែនជា​ពេលត្រូវចរចា​ នឹងទីក្រុង​ព្យុងយ៉ាងទៅវិញ ទាល់តែ​កូរ៉េខាងជើង​កែចរិតបង្ករឿង ដូចសព្វថ្ងៃនេះ​ចេញជា​មុនសិន។

ថ្លែងនៅក្នុងជំនួប​ជាមួយ លោក មូន ជែអ៊ីន នៅឯសាល​មហាវិមាន​ប្រជាជនចិន លោក ស៊ី បានលើក​ឡើងដូច្នេះ​ថា «វិបត្តិនុយក្លេអ៊ែរ​កូរ៉េខាងជើង​ គួរតែត្រូវបាន​ដោះស្រាយ​តាមរយៈកិច្ច​សន្ទនា និងការប្រឹក្សា​យោលបល់គ្នា​ទៅវិញទៅមក... ចិន និងកូរ៉េខាងត្បូង​មាន​ផលប្រយោជន៍ រួមគ្នាក្នុងការ​ថែរក្សា​សន្តិភាព ហើយទីក្រុងប៉េកាំង​មានបំណងច្បាស់​លាស់ ធ្វើការងារ​ជាមួយ​កូរ៉េខាងត្បូង ដើម្បីលើកកម្ពស់កិច្ចសន្ទនា ក៏ដូចជាគាំទ្រ​ការធ្វើឱ្យប្រសើរ​ឡើង
នូវទំនាក់ទំនង​រវាង​កូរ៉េខាងជើង និ​ង​កូរ៉េខាងត្បូង»។

គួរបញ្ជាក់ថា ជុំវិញនឹងការ​លើកឡើង​របស់ លោក ធីល្លឺសុន ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏យល់ថា ជាគំនិតដ៏ល្អ​ប្រសើរ​ផងដែរ។ ប៉ុន្តែទន្ទឹមគ្នា​ប្រមុខវិមាន ក្រឹមឡាំង​រូបនេះក៏បានព្រមាន​ដែរថា ការប្រើប្រាស់កម្លាំង​យោធាលើ​កូរ៉េខាងជើង នឹងបង្កជាគ្រោះមហន្តរាយដ៏ធំបំផុត គ្មាននរណា​អាចទាយ​ទុកជាមុនឡើយ៕