(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA ទីបំផុតបានប្រកាស​ឲ្យដឹងថា វីធីសាស្រ្តប្រមាញ់​ភពដ៏ថ្មីសន្លាង​មួយ បាន​​ជួយ​​ឲ្យ​​ខ្លួន​រក​​ឃើញ​​​ភព​​ទី​​ ៨ របស់តារាដ៏​សែនឆ្ងាយ​មួយដួង ដែលវាបានសំងំ​លាក់ខ្លួនពីកែវយឺតអវកាស។ ប្រការហេតុនេះ ​យើង​លែងជា​ប្រព័ន្ធផ្កាយ​ដ៏ធំជាងគេ​បង្អស់ ក្នុងចំណោមប្រព័ន្ធផ្កាយ​ដែលពួកយើងបាន​ដឹងទៀត​ហើយ។ នេះបើតាម​ការដកស្រង់​​ការ​ផ្សាយចេញពី​ សារព័ត៌មាន The Verge នៅព្រឹក​ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

របកគំហើញ​ថ្មីនេះ អាចកើតមាន​ឡើងបាន គឺដោយសារតែការជួយ​ជ្រោមជ្រែង​ផ្នែក Artificial Intelligence (AI) ពីសំណាក់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាយក្ស Google ដែលបាន​រកឃើញភព​មួយនេះ តាមរយៈការ​ស្គែនមើល​​សញ្ញាខ្សោយៗ​ ដែលត្រូវបាន​មើលរំលង​​កាល​ពី​​លើក​មុន នៅក្នុង​ទិន្នន័យ ដែលថត​យកបាន​ដោយកែវយឺត​អវកាស Kepler Space Telescope។

ភពទើបរកឃើញ​ខាងលើ ស្ថិតនៅក្នុងប្រព័ន្ធ​ផ្កាយមាន​ឈ្មោះថា Kepler-90 ជាតារា​មួយដួង​នៅចម្ងាយ​ប្រមាណ ២,៥០០​ឆ្នាំ ពន្លឺ​​ពីភព​ផែនដី ដែលត្រូវបាន​រកឃើញជា​លើកដំបូង កាលពីឆ្នាំ២០១៤ និងត្រូវ​គេគិតថា មានផ្ទុក​ភពត្រឹម ០៧ភព ប៉ុណ្ណោះ។

កែវយឺត​អវកាស Kepler បាននិងកំពុងតាម​ប្រមាញ់មើល​លំហអាកាស ដើម្បីស្វែងរក​ភពអេលៀន នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ (Exoplanet ឬ Extraterrestrial Planet) ចាប់តាំងតែពី​ការបាញ់បង្ហោះ​របស់វា កាលពីឆ្នាំ២០០៩។ ដើម្បីត្រួតពិនិត្យទៅលើទិន្ន​ន័យ​ទាំង​អស់ ដែល Kepler ប្រមូលយកបាន​តាំងពីពេលនោះ ក្រុមអ្នកវិទ្យាសាស្រ្ត​ជារឿយៗ តែងមើលទៅ​លើសញ្ញា​ដែលខ្លាំងៗមុន​​។​ តាមវិធីសាស្រ្ត​កាលនោះ NASA បានបញ្ជាក់ថា Exoplanet ប្រមាណ ២,៥២៥ភព ត្រូវបានរកឃើញ។

ប៉ុន្តែខណៈនា​ពេលនេះ យើងបានដឹងថា ផ្កាយ Kepler-90 មានចំនួនភព​គោចរជុំវិញវា​ដូចនឹងព្រះអាទិត្យ​របស់យើងដែរ​ក៏ដោយ​ ប្រព័ន្ធតារា​មួយដួងនេះ គឺពុំមែនជាបេក្ខភាព​ភពដ៏ល្អ សម្រាប់ការស្វែងរក​ជីវិតក្រៅភព ឬអេលៀន ឬមួយក៏ទម្រង់ជីវិត​ដែល​យើងធ្លាប់​បានដឹងនោះ​ឡើយ ជាពិសេសបើធៀប​ទៅនឹងបណ្តាភព​ទាំង ០៧ ដែលនៅជុំវិញ​​ផ្កាយ TRAPPIST-1។

គួរជម្រាបថា របកគំហើញ​នៃភព Kepler-90i បានកើត​មានឡើង ក្រោយពី​​អង្គការ ​NASA បានឲ្យ​ Google បង្វឹកម៉ាស៊ីនរបស់ខ្លួន ​​ឲ្យ​សិក្សាពីក្បួន​ដោះស្រាយ Algorithm ទៅលើសញ្ញា​ប្រមាណ ១៥,០០០សញ្ញា ពីបេក្ខភាពភព​នៅក្នុងបណ្តុំ​ទិន្នន័យរបស់ Kepler។ ​ក្រោយមកក្រុម​អ្នកវិទ្យាសាស្រ្ត បានប្រើប្រាស់​ប្រព័ន្ធនេះ ឲ្យធ្វើការទៅលើ​ទិន្នន័យ​ពីតារាចំនួន ៦៧០ដួង ដែលត្រូវ​បានគេដឹងថា​​​ មានភពច្រើន​រួចស្រេច​ទៅហើយ ដោយពួកគេ​គិតថា ផ្កាយទាំងនោះ ទំនងជាកន្លែង​មានភពលាក់ខ្លួន​ច្រើនជាងគេ។ ​ខណៈពេលនេះ​​ក្នុង​ចំណោម​នោះ ​ភពមិនមែនតែ​មួយឡើយ គឺ០២ ត្រូវបាន​រកឃើញ​បន្ថែម ដោយ​ក្រៅពី Kepler-90i ភពមួយផ្សេង​ទៀត ​ឈ្មោះថា Kepler-80g ត្រូវ​បាន​​គេ​រក​​​ឃើញ នៅក្នុង​ប្រព័ន្ធផ្កាយ Kepler-80 ដែលមានភព​ទាំងអស់ចំនួន ០៦។

ដោយទទួល​បានជោគជ័យជា​ជំហ៊ានដំបូងបែបនេះ ក្រុមអ្នកស្រាវជ្រាវ​នឹងប្រើប្រាស់​វិធីសាស្រ្តប្រព័ន្ធ​កុំព្យូទ័រថ្មីនេះ ដើម្បី​ធ្វើ​ការ​​​ស្វែងរក​ភពបន្ថែម​ទៀត តាមរយៈការប្រើ​ទិន្នន័យ​របស់ Kepler ដែលប្រមូល​បានកាលពី​លើកមុន ពីផ្កាយចំនួន ១៥០,០០០ដួង៕ ​