(អ៊ីស្តង់ប៊ុល)៖ កិច្ចប្រជុំកំពូល​មួយ នៃបណ្តាប្រទេសអ៊ីស្លាមជាង ៥០ប្រទេស ដែល​បានប្រព្រឹត្ត​ទៅនៅ ទីក្រុង​អ៊ីស្តង់ប៊ុល​របស់តួក​គី​ បានប្រកាស​ទទួលស្គាល់​ភាគខាងកើត នៃទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​របស់​ប៉ាឡេស្ទីន ជាការតបតទៅនឹង​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក ដែលបានទទួលស្គាល់​ទីក្រុង​ពិសិដ្ឋនេះ​ជារបស់​អ៊ីស្រាអែល។ នេះ​បើ​តាម​​ការ​ចេញ​ផ្សាយ​​ដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

​ក្នុង​សេចក្តីថ្លែងការណ៍​ព្រាង​ចុងក្រោយ នៅចុងបញ្ចប់​នាថ្ងៃទី ០១ នៃជំនួបកំពូល​ខាងលើ​កិច្ច​ប្រជុំ​របស់​អង្គការ​​ នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​អ៊ីស្លាម ហៅកាត់ថា OIC ក៏បាន​អំពាវដល់​រាល់ប្រទេស​​ទាំង​អស់​នៅ​លើ​​ពិភពលោក ឲ្យទទួល​ស្គាល់​​ភាគ​ខាង​កើត​​ នៃក្រុង​​ហ្សេ​រុយ​សា​ឡឹម ជារដ្ឋធានី​របស់ប៉ាឡេស្ទីន​ផងដែរ។

ម៉្យាងវិញទៀត បណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលមានវត្តមាន​នៅឯកិច្ចប្រជុំ ក៏បានទាត់​ចោលព្រមទាំង​ថ្កោលទោស​ធ្ងន់ៗ​ ចំពោះការសម្រេចចិត្ត​ជាឯកតោភាគី ពីសំណាក់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក្នុងការទទួល​ស្គាល់​​ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់ប្រទេស​អ៊ីស្រាអែល​ផងដែរ។ មេដឹកនាំអស់ បានចាត់​ទុកទង្វើ​របស់​សហរដ្ឋអាមេរិក​ថា ការបំពាន​​លើ​សិទ្ធិ​របស់​​ប្រជាពលរដ្ឋ​ប៉ាឡេស្ទីន, ជាការបំផ្លិចបំផ្លាញ​កិច្ចប្រឹងប្រែង​សន្តិភាព​ដោយចេតនា, ជាការជម្រុញ​អំពើជ្រុលនិយម​ក៏​ដូច​ជា​​អំពើ​ភេរវ​កម្ម, និងជាការគម្រាម​កំហែងដល់​សន្តិសុខ ក៏ដូចជា​សន្តិភាព​អន្តរជាតិ។

«បើមិនក្រឡាស់​សម្តីរបស់ខ្លួនវិញ​ទេនោះ សហរដ្ឋអាមេរិក​នឹង​បាត់បង់តួនាទីជា អ្នកគាំទ្រដល់​ដំណើរការស្វែងរក​សន្តិភាព សម្រាប់​វិបត្តិ​ប៉ាឡេស្ទីន-អ៊ីស្រាអែល ជាក់ជាពុំខាន ដែលនេះគឺ​ជាការព្រមានជា​ចុងក្រោយ​របស់ OIC ដែលជាអង្គការ​អន្តររដ្ឋា​ភិបាល​ដ៏ធំជាងគេ​ទី០២ បន្ទាប់ពី UN ដែលមានសមាជិក​ចំនួន ៥៧ប្រទេស ស្ថិតនៅពាសពេញ​ទ្វីបចំនួន ៤ លើពិភព​លោក៕