(ប៉ារីស)៖ កូនសិស្សយ៉ាងតិច ០៤នាក់ បាត់បង់ជីវិត និង ២៤នាក់ ផ្សេងទៀតបានទទួលរង​របួសធ្ងន់ ដោយក្នុងនោះ​ភាគច្រើនសុទ្ធ​តែ​ជាសិស្សា​នុសិស្ស បន្ទាប់ពីរថភ្លើង​មួយខ្សែ​បានបុក រថយន្តក្រុងដឹក​សិស្សសាលា​មួយគ្រឿង នៅភាគខាងត្បូង​​ប្រទេស​បារាំង​​។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០១៧។

អាជ្ញាធរបារាំង​បានឲ្យ​ដឹងថា «ក្រៅពីអ្នកបាត់​បង់ជីវិត មនុស្សចំនួន ២៤នាក់ ទៀត​បានរង​របួសជាទម្ងន់ ហើយក្នុងចំណោម​ជនរង​គ្រោះ ២៤នាក់នេះ មាន ២១នាក់ គឺជា​សិស្សសាលា​មធ្យម​សិក្សា»។ ហេតុការណ៍​ដ៏រន្ធត់នេះ បានកើតឡើង​នាវេលាម៉ោង​ប្រមាណ​ ១៦៖០០នាទី រសៀល (ពេលវេលា​នៅតំបន់​កើតហេតុ) នៅលើទីតាំង​ឆ្លងកាត់ផ្លូវដែក​មួយ​កន្លែង ស្ថិតក្នុង​ក្រុង Millas ភាគខាង​ត្បូង​​ប្រទេស នៅពេលដែល​រថភ្លើង​មួយខ្សែ បានបុកប៉ះចំ​កន្ទុយ​រថយន្តក្រុង​មួយគ្រឿង ដែលកំពុង​ដឹក​ជញ្ជូន​សិស្សសាលា​មាន​វ័យខ្ទង់ ១៣ឆ្នាំ ទៅ ១៧ឆ្នាំ។

គួរជម្រាបថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង និងរូបភាពនៅ​កន្លែងកើត​ហេតុ រថយន្តក្រុងដឹក​សិស្សសាលា​នោះ ត្រូវគេមើល​​ឃើញថា បានដាច់ជា ០២កំណាត់។ ជាមួយ​គ្នានេះ​ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានបង្ហោះ​សារលើ Twitter ដើម្បីចូលរួមរំលែកទុក្ខ​ជាមួយជនរងគ្រោះ និងក្រុមគ្រួសារ​របស់ពួកគេ​ផងដែរ៕