(វ៉ាស៊ីនតោន)៖ រហូតមកទល់ពេលនេះវាមានរយៈពេលជាងពីរសប្តាហ៍ហើយ បន្ទាប់ពីប្រទេស កូរ៉េខាងជើង បាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីប Hwasong-15 ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយរបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង។

មុនការបាញ់សាកល្បងនាថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះ មានការជជែកពិភាក្សាគ្នាក្នុងចំណោមក្រុមអ្នកជំនាញកូរ៉េខាងត្បូងថា តើការផ្អាកបាញ់សាកល្បងមីស៊ីលរបស់ កូរ៉េខាងជើង អាចជាកាយវិការថ្មីមួយរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដែលចង់បន្ទន់ឥរិយាបទដើម្បីធ្វើកិច្ចចរចាឬយ៉ាងណា? ប៉ុន្តែការធ្វើបាញ់សាកល្បងចុងក្រោយនេះ បានបញ្ចប់ការជជែកដេញដោលទាំងនោះ ដោយវាបានបង្ហាញយ៉ាងច្បាស់ ពីការបន្តឥរិយាបទរឹងរួសរបស់ប្រទេសកុម្មុយនីសកូរ៉េខាងជើង ស្របតាមការលើកឡើងថា​​​ «គីម ជុងអ៊ុន​ សុខចិត្តបណ្តោយឱ្យប្រជាពលរដ្ឋបរិភោគស្មៅ ក៏មិនបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាដាច់ខាត»

សំខាន់ជាងនេះទៅទៀតនោះ ការបាញ់សាកល្បងនេះ បានបញ្ជាក់ថាអ្វីដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis លើកឡើងកាលពីខែមុន គឺជារឿងត្រឹមត្រូវ ដោយលោកបានលើកឡើងថា «កូរ៉េខាងជើងគឺជាប្រទេសគំរាមកំហែងភ្លាមៗ និងគ្រោះថ្នាក់បំផុតចំពោះសន្តិភាព និងសន្តិសុខ»

ដោយឡែកការឆ្លើយតបរបស់ពិភពលោកចំពោះការបាញ់សាកល្បងរបស់កូរ៉េខាងជើង កាលពីពីរសប្ដាហ៍មុនអាចបញ្ជាក់ថា យើងហាក់ពុំមានជម្រើសល្អៗ សម្រាប់ដើរឡើយ។ ទោះបីជាយ៉ាងណានេះក្តី លោក Mattis បាននិយាយថា ដំណោះស្រាយការទូតជាជម្រើសដ៏ត្រឹមត្រូវ មិនត្រឹមតែសម្រាប់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសទាំងអស់ដែលមានចំណែក ក្នុងការបញ្ចៀសនូវជម្លោះប្រដាប់អាវុធនៅឧបទ្វីបកូរ៉េផងដែរ ដែលជាអាថ៌មានដូចជាចិន និងជប៉ុន។

ខណៈដែលពិភពលោក បន្តស្វែងរកដំណោះស្រាយតាមផ្លូវទូតដើម្បីឆ្លើយតប នឹងភាពតានតឹងនៃវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងនោះ ភាពច្បាស់លាស់បំផុតរបស់ រដ្ឋាភិបាលក្រុងតូក្យូគឺត្រូវការទទួលស្គាល់ពីការកើនកម្តៅខ្ពស់ក្នុងវិបត្តិនេះ ហើយបង្កើនវិស័យការពារជាតិរបស់ខ្លួនទៅតាមនោះដូចគ្នា។ ការពិតទៅប្រទេស ជប៉ុន ហាក់បានត្រួសត្រាយផ្លូវខ្លះៗក្នុងការបង្កើនសមត្ថភាព និងគ្រឿងសព្វាវុធដែលជំរុញវិស័យការពារជាតិដោយខ្លួនឯង ដើម្បីទប់ទល់នឹងការគំរាមកំហែង ដោយមីស៊ីលកូរ៉េខាងជើង។

មុនដំណាច់ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន ត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្តថា តើគួរទទួលយកប្រព័ន្ធការពារមីស៊ីល Aegis Ashore ឬប្រព័ន្ធ THAAD។ ជាងនេះទៅទៀតនោះ រដ្ឋាភិបាលក្រុង តូក្យូ មានបំណងចង់ទិញគ្រាប់មីស៊ីលកំទេចនាវាចម្ងាយឆ្ងាយ និងគ្រាប់មីស៊ីលប្រភេទផ្សេងទៀតផងដែរ។

ភាពតានតឹងនៅឧបទ្វីបកូរ៉េ ធ្វើឱ្យការជម្រុញសមត្ថភាពការពារគ្រាប់មីស៊ីលក្លាយជាចំណុចអាទិភាពរបស់ជប៉ុន ស្របពេលដែលជប៉ុន កំពុងត្រៀមក្នុងការធ្វើកំណែ ទម្រង់មគ្គុទេសន៍កម្មវិធីការពារជាតិ ហៅកាត់ថា NDPG និងកម្មវិធីការពារជាតិពាក់កណ្តាលត្រីមាស ហៅកាត់ថា MTDP នាឆ្នាំ២០១៨ខាងមុខ។ ក្នុងអំឡុងនៃ ដំណើរការពិចារណាឡើងវិញទៅលើ NDPG និង MTDP នោះ សំណួរថាតើប្រទេសជប៉ុនគួរមានអាវុធដែលអាចទប់ទល់នឹងការវាយប្រហារពីសំណាក់ប្រទេស កូរ៉េខាងជើងដែរឬទេនោះ នឹងក្លាយជាប្រធានបទដ៏សំខាន់សម្រាប់លើកមកពិភាក្សា។

ការប្រឈមដ៏សំខាន់សម្រាប់គម្រោងការពារជាតិនៃរដ្ឋាភិបាលក្រុង តូក្យូ គឺការធ្វើឱ្យមានតុល្យភាពក្នុងចំណោមចំណុចអាទិភាពទាំងបី ទីមួយគឺការជំរុញប្រព័ន្ធ ការពារទប់ទល់នឹងការគំរាមកំហែងដោយមីស៊ីល ទីពីរបន្តអភិវឌ្ឍន៍សមត្ថភាពការពារជាតិទាំងផ្លូវទឹក និងផ្លូវគោក ចំណែកទីបី គឺជម្រុញសមត្ថភាព ការពារសន្តិសុខប្រព័ន្ធកុំព្យូទ័រ។

បញ្ហាចំពោះមុខសម្រាប់អ្នករៀបចំគម្រោងការពារជាតិរបស់ជប៉ុន គឺថាចំណុចអាទិភាពទាំងនេះ ត្រូវតែសមស្របតាមតម្លៃនៃការធ្វើវិនិយោគ ដែលជប៉ុនធ្វើឡើងក្នុងកម្មវិធី NDPG និងMTDPដើម្បីធ្វើទំនើបកម្មវិស័យការពារជាតិ។ កញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំ ត្រូវបានគេមើលឃើញថាត្រូវការបង្កើនជាចាំបាច់ បន្ទាប់ពីការកាត់បន្ថយការចំណាយអស់រយៈពេលប្រមាណមួយទសវត្សរ៍។ កញ្ចប់ថវិកានេះមិនអាចគ្រប់គ្រាន់ដើម្បីចំណាយទៅលើគំរោងខាងលើបានឡើយ ប្រសិនបើមិនចំណាយទៅលើផ្នែកផ្សេងៗទៀតដូចជា យោធា ការហ្វឹកហាត់ ការជួសជុល និងការថែរក្សាគ្រឿងសព្វាវុធនោះ។

ចាប់តាំងពីការកាន់អំណាចក្នុងខែធ្នូ ឆ្នាំ២០១២មកនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូអាបេ តែងតែលើកឡើងអំពីការបង្កើតទំនួលខុសត្រូវ លើវិស័យការពារជាតិដោយខ្លួនឯង។ បើទោះបីជាលោកអាចនឹងបរាជ័យក្នុងការបង្កើនកញ្ចប់ថវិការការពារជាតិ នាដំណាច់ឆ្នាំនេះ យ៉ាងហោចណាស់ វានឹងក្លាយជាកត្តាដ៏សំខាន់មួយ ក្នុងការកំណត់គម្រោងការពារជាតិក្នុងឆ្នាំខាងមុខផងដែរ។

ហេតុនេះវាអាចបញ្ជាក់ថា គ្រាប់មីស៊ីល ICBM ពិតជាបញ្ហាប្រឈមដ៏សំខាន់ ដែលជះឥទ្ធិពលមួយផ្នែកធំទៅលើវិស័យការពារជាតិរបស់ប្រទេស ជប៉ុន។ ជប៉ុននាខណៈនេះ អាចនឹងមិនទាន់គិតដល់ការធ្វើកំណែទម្រង់វិស័យការពារជាតិរបស់ខ្លួននៅឡើយ ប្រសិនបើគ្មានវត្ថមានគ្រាប់មីស៊ីលរបស់ ប្រទេសនុយក្លេអែរកូរ៉េខាងជើង៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា