(ប៉េកាំង)៖ ផលិតផលនៃមនុស្សយន្តផ្នែកឧស្សាហកម្ម របស់ប្រទេសចិន បានកើនឡើងលើសពី១០០,០០០គ្រឿង នៅ​ក្នុង​រយៈ​ពេល១០ខែនៃឆ្នាំ២០១៧នេះ ដែលវាជាចំនួនមានការកើនឡើង៧០ភាគរយ បើធៀបទៅនឹងអំឡុងពេលដូចគ្នាឆ្នាំមុន។ នេះបើ​តាមប្រភពពីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន ដកស្រង់ និងចុះផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មាន ស៊ីនហួ នៅរសៀល​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។

ក្រសួងខាងលើបានបន្ថែមថា ​ផលិតផលសរុបសម្រាប់ឆ្នាំនេះវិញ នឹងកើនឡើងដល់ ១២០,០០០គ្រឿង។ ប្រទេសចិន គឺជា​ទីផ្សារ​ធំ​ជាង​គេ​បំផុត សម្រាប់មនុស្សយន្តផ្នែកឧស្សាហកម្ម នៅលើពិភពលោក ពោលគឺស្មើនឹងប្រមាណមួយភាគបី នៃ​តម្រូវ​ការ​ទូទាំង​សាកល​លោក។ តម្លៃទីផ្សារនៃមនុស្សយន្តផ្នែកឧស្សាហកម្មរបស់ចិន គឺត្រូវគេរំពឹងថា នឹងកើនឡើងដល់ទឹក​ប្រាក់ ​៤.២​ពាន់លាន​ដុល្លារ​អាមេរិក នៅក្នុងឆ្នាំ២០១៧នេះ ហើយនឹងមានការកើនឡើងដល់ ៥.៩ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០។

គួរជម្រាបថា ឧស្សាហកម្មមនុស្សយន្ត ត្រូវបានចុះក្នុងបញ្ជីជា វិស័យអភិវឌ្ឍន៍ដ៏សំខាន់ នៅក្នុងគោលនយោបាយ «ផលិត​នៅក្នុង​ប្រទេស​ចិន​ឆ្នាំ២០២៥» របស់មហាអំណាចសេដ្ឋកិច្ចទី០២មួយនេះ ដែលជាគោលនយោបាយយុទ្ធសាស្រ្ត បង្កើត​ឡើង​ក្នុង​គោល​បំណង​អភិវឌ្ឍវិស័យកម្មន្តសាល (វិស័យផលិត) របស់ប្រទេសខ្លួន៕