(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញា​កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើឱ្យតុលាការ​កាត់ទោស​ មិត្តភក្តិរបស់​អតីតប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រីផាក គឺនហេ គឺ​លោកស្រី ឆយ ស៊ូនស៊ីល ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ក៏ដូចជាបង់​ប្រាក់ពិន័យ ១១៨.៥ពាន់​លានវ៉ុន (១០៩លានដុល្លារ) និងប្រាក់ជួសជុល​ការខូចខាត ៧.៧ពាន់លានវ៉ុន ផងដែរ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មា​ន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

លោកស្រី ឆល ស៊ូនស៊ីល គឺជាដើមហេតុធ្វើ​ឱ្យលោកស្រី ផាក គឺនហេ ត្រូវបានតុលាការ​ធម្មនុញ្ញ​ ទម្លាក់ចេញពីតំណែង​ជាប្រធានាធិបតី កាលពី​ឆ្នាំ២០១៦ ក្រោម​បទចោទ​ប្រកាន់ថា បានរំលោភ​អំណាច និងបណ្ដោយឱ្យ​មិត្តភក្កិរបស់​ខ្លួនរូបនេះ ប្រើឥទ្ធិពល​ប្រធានាធិបតី ដើរជំរិតទារប្រាក់​ពីក្រុមហ៊ុន​ធំៗនៅក្នុងប្រទេស។ បន្ថែមពី​លើនេះ ក្រៅតែពី​អស់តំណែង លោកស្រី ផាក ត្រូវបានប៉ូលិសចាប់ខ្លួន​កាលពី​ថ្ងៃទី៣១ ខែមីនា និងត្រូវបានចោទ​ប្រកាន់ពីបទពុករលួយ​ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា លោកស្រី ឆយ ស៊ូនស៊ីល មានអាយុ ៦១ឆ្នាំ ត្រូវចាប់ខ្លួន និងចោទ​ប្រកាន់ចំនួន ១៨បទល្មើស កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងនោះ​រួមមានទាំង ការរំលោភ​អំណាចរដ្ឋ និងប្រព្រឹត្តអំពើ​ពុករលួយផងដែរ៕