(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Walt Disney នឹងប្រកាសពីកិច្ច​ព្រមព្រៀងទិញ​យកក្រុមហ៊ុនផលិត​ខ្សែភាពយន្ត Twenty-First Century Fox ដែលក្នុងនោះ​ភាគហ៊ុន​របស់ 21th Century Fox នឹងទទួលបាន​តម្លៃជាង ៤០ដុល្លារក្នុងមួយហ៊ុន ឬក៏​ ៧៥​ពាន់​លាន​ដុល្លារ​ ដោយសរុប​ទាំងអស់។ នេះបើតាម​បុគ្គល​ដែលដឹងពីកិច្ចការផ្ទៃក្នុង នៃ​កិច្ចព្រមពៀងនេះ ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

កិច្ចព្រមព្រៀង​ខាងលើ ដែលគ្រោងប្រកាស​នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេលវេលា​នៅអាមេរិក) នឹងបញ្ចប់ការពង្រីក​ខ្លួនរយៈ​ពេល​ជាងកន្លះសតវត្សរ៍​​ ដោយលោក Rupert Murdoch វ័យ ៨៦ឆ្នាំ ដែលបានប្រែក្លាយ​អាជីវកម្មកាសែត​អូស្រ្តាលីតូចមួយ ដែល​រូប​លោកបាន​ស្នងពីឪពុករបស់​លោកនៅវ័យ ២១ឆ្នាំ ទៅជាក្រុមហ៊ុន​សារព័ត៌មាន និងខ្សែភាពយន្ត​លំដាប់អន្តរជាតិ ដ៏សំខាន់បំផុត​មួយ​​របស់​ពិភពលោក។

គួរជម្រាបថា នៅក្រោមកិច្ចព្រមព្រៀងខាងលើ ស្ទូឌីយ៉ូផលិត​ភាពយន្ត 20th Century Fox, បណ្តាញទូរទស្សន៍​ខ្សែ​កាប, និងប្រតិបត្តិការ​ថ្នាក់អន្តរជាតិដទៃទៀត នឹងត្រូវលក់ទៅ​ឲ្យក្រុមហ៊ុន Disney ទាំងអស់៕