(វ៉ាស៊ីនតោន)៖ សមាជិកសភា​មួយរូប របស់គណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Kentucky ភាគកណ្តាល​អាមេរិក បានសម្រេចចិត្ត​ធ្វើអត្តឃាត ដើម្បីជាការប្រកែក​ទៅនឹងករណី​ចោទ​ប្រកាន់លើរូប​លោកថា បានប្រព្រឹត្ត​បទល្មើសបំពានផ្លូវភេទ លើយុវតីមួយរូប។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន ស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

សមាជិកសភា​ខាងលើនេះ មានឈ្មោះ Dan Johnson ដែលត្រូវបាន​ប៉ូលិសរដ្ឋ Kentucky អះអាងថា បានបាញ់សម្លាប់​ខ្លួនឯង នៅលើស្ពានមួយ​នៅលើភ្នំ Washington នៃរដ្ឋ Kentucky ដោយភស្តុតាង​ជាកាំភ្លើងខ្លី ត្រូវបានប៉ូលិស​រកឃើញនៅហ្នឹងកន្លែង​កើតហេតុតែម្តង។ លោក Dan បានរងការចោទប្រកាន់​ដ៏អាម៉ាស់បំផុតថា បានចាប់បង្ខំ​លើយុវតីវ័យ ១៧ឆ្នាំ ដែលជាមិត្ត​របស់កូនស្រី​ខ្លួនឯង បន្ទាប់ពីធ្វើពិធីជប់លាង​ចុងឆ្នាំ កាលពី​ឆ្នាំ២០១២ មកម្ល៉េះ។

គួរបញ្ជាក់ថា លោក Dan បានធ្វើការច្រានចោល​ទាំងស្រុងតែម្តង ចំពោះការ​ចោទប្រកាន់​ខាងលើនេះ កាលពីថ្ងៃអង្គារ​កន្លងទៅ ជាពិសេសការ​ចោទប្រកាន់ថា លោកបាន​សេពគ្រឿង​ញៀននៅក្នុងក្លឹបកម្សាន្ត​មួយក្នុងតំបន់ ហើយក្រោយមក​ក៏បានចូលទៅចាប់បង្ខំ​ជនរងគ្រោះ​នៅក្នុងបន្ទប់ពេល​នាងកំពុងគេងនោះ។ បន្ទាប់ពីការ​ប្រកែករាល់ការចោទប្រកាន់​ទាំងឡាយ​រួចមក លោក Dan ក៏បានធ្វើអត្តឃាតខ្លួនឯង​តែម្តង៕