(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់​ខ្ពស់ FBI ម្នាក់ ដែលត្រូវបាន​ដកចេញពីក្រុម​ស៊ើបអង្កេត​ របស់រដ្ឋអាជ្ញា​ពិសេស លោក Robert Mueller កាលពីប៉ុន្មាន​ខែមុននោះ ​ធ្លាប់បានហៅ​ប្រធានាធិបតី​ លោក ដូណាល់ ត្រាំ ថាជាមនុស្សល្ងីល្ងើ។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន ABC News នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

កាលពីខែសីហា​កន្លងទៅ សារព័ត៌មាន ABC News បានចុះ​ផ្សាយថា លោក Peter Strzok ដែលទើបតែត្រូវ​បានជ្រើសតាំង​ដោយ​ លោក Mueller ដើម្បីជួយដឹកនាំ​ការស៊ើបអង្កេត​ដ៏សំខាន់​បំផុតមួយ ទៅលើរឿង​អាស្រូវរុស្ស៊ី​ លូកដៃចូលការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិកកាលពី​ឆ្នាំមុននោះ បានចាកចេញពី​ក្រុមរបស់ លោក Mueller។ សព្វថ្ងៃ​លោក Strzok កំពុងបម្រើការ​ក្នុង​ អង្គភាពធនធាន​មនុស្ស​របស់ទីភ្នាក់ងារ FBI។

ដោយឡែក អនុរដ្ឋមន្ត្រីនៃក្រសួង​ការយុត្តិធម៌អាមេរិក ដែលកំពុងតែត្រួតពិនិត្យមើលទៅលើ​សកម្មភាពមួយ​ចំនួនរបស់ FBI ​ទាក់​​ទិននឹងការ​បោះឆ្នោតកាលពី​ឆ្នាំមុននោះ បានរកឃើញ​សារជាអក្សរមួយ ដែលត្រូវបានផ្ញើ​រវាងលោក Strzok និងមេធាវីរបស់ FBI អ្នកនាង Lisa Page ដែលធ្លាប់បម្រើការ​នៅក្នុងក្រុមស៊ើបអង្កេត​របស់ លោក Mueller បានដល់ត្រឹមអំឡុង​រដូវក្តៅកន្លងទៅ ដូច​លោក Strzok ដែរ។ នៅក្នុងសារ​ទាំងអស់នោះ ដែលភាគច្រើន​បានកើតឡើង​ នៅមុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក លោក Strzok ​ត្រូវគេរក​ឃើញថា បានហៅ​លោក ដូណាល់ ត្រាំ ថាជាមនុស្ស​ឆ្កួត-ល្ងីល្ងើ។

បើតាម​សារព័ត៌មាន The Washington Post លោក Strzok និងអ្នកនាង Page មានទំនាក់ទំនង​ស្នេហារជាមួយគ្នា​​ថែមទៀតផង។ ថ្លែងក្នុងសេចក្តី​ថ្លែងការណ៍​មួយនាពេលថ្មីៗ​នេះ លោក Peter Carr អ្នកនាំពាក្យរបស់ លោក Mueller បានឲ្យដឹងថា «បន្ទាប់​​ពី​បាន​ដឹង​រឿងអាស្រូវទាំងនេះ​ភ្លាមៗ ការិយាល័យ​រដ្ឋអាជ្ញាពិសេស បានសម្រេច​ដក លោក Peter Strzok ចេញពីការ​ស៊ើបអង្កេត ខណៈ​អ្នកនាង Lisa Page បានបញ្ចេញភារកិច្ច​រយៈខ្លីរបស់ខ្លួន ហើយបានត្រឡប់​ទៅកាន់ FBI វិញ តាំងតែពីប៉ុន្មាន​សប្តាហ៍មុន​ពេល​ពួក​យើង​ បានដឹងពីរឿងអាស្រូវទាំង​នេះម្ល៉េះ៕