(យ៉េមែន)៖ មនុស្សយ៉ាងហោចណាស់៣០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារផ្លូវអាកាសរបស់ក្រុមចំរុះអារ៉ាប់ដឹកនាំដោយ អារ៉ាប៊ីសាអូឌីតលើពន្ធនាគារមួយកន្លែងនៃក្រុមឧទ្ទាមហ៊ូទី ក្នុងរដ្ឋធានីសាណាអា ប្រទេសយ៉េមែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ អ្នកស្លាប់ភាគច្រើនជាអ្នកជាប់ឃុំឃំាង នៅឯពន្ធនាគារមួយក្នុងមូលដ្ឋានយោធារបស់ក្រុមឧទ្ទាមហ៊ូទី។ ចំណែកឯ ឆ្មាំពន្ធនាគារម្នាក់ ក៏បានឱ្យដឹងដែរថាការវាយប្រហារលើកដំបូងបានបំផ្លាញផ្នែកខ្លះនៃពន្ធនាគារ ដោយជំរុញឱ្យអ្នកទោសមួយចំនួនព្យាយាមរត់គេចខ្លួន ខណៈការវាយប្រហារមួយផ្សេងទៀតបានបំផ្លាញអគារមួយស្ទើតែទាំងស្រុង។

គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ មនុស្សច្រើនជាង៨,៦៧០នាក់ ត្រូវបានសម្លាប់ និង៤៩,៩៦០នាក់ បានរងរបួសគិតចាប់តាំងពីក្រុមចំរុះអារ៉ាប់ធ្វើអន្តរាគមន៍ យោធាក្នុងប្រទេសយ៉េមែន កាលពីឆ្នាំ២០១៥មក ហើយមនុស្ស២០.៧លាននាក់ កំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់៕