(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុង​ប៉េកាំង ជំទាស់ជា​ដាច់ខាត ទៅនឹងរាល់កិច្ចព្រមព្រៀងយោធា​រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។ ការប្រកាស​បែបនេះ​ធ្វើ​ឡើងបន្ទាប់ពីមន្រ្តីការទូតជាន់​ខ្ពស់ចិនម្នាក់ បានព្រមានអំពីការប្រើប្រាស់​កម្លាំងយោធា ដែលអាចផ្ទុះឡើង បើសិនជាទីក្រុង​វ៉ាស៊ីនតោន​ ហ៊ានបញ្ជូនកងនាវា​ចម្បាំង មកកាន់លើកោះតៃវ៉ាន់។ នេះបើតាម​សម្តីអ្នកនាំពាក្យ​ការិយាល័យក្រសួងការបរទេសចិន ទទួលបន្ទុកកិច្ចការ​កោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ការិយាល័យចិន ​ទទួលបន្ទុកកិច្ចការ​តៃវ៉ាន់ លោក An Fengshan លើកឡើង​បែបនេះ នៅក្នុងសន្និសីទ​សារព័ត៌មានមួយនៅថ្ងៃពុធនេះ ដោយថែម​ទាំងបញ្ជាក់​ដែរថា បញ្ហាកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុង​របស់ចិន។ លោក An បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «រាល់ការព្យាយាម​បំផ្លាញដែន​អធិបតេយ្យភាព និងបូរណភាពទឹកដី​របស់ចិន នឹងត្រូវប្រឈមមុខ​នឹង​ការប្រឆាំង​ជំទាស់​យ៉ាងខ្លាំង ពីប្រជាជនចិន ហើយការប៉ុនប៉ងនេះ​ នឹងមិនអាចទទួល​បានជោគជ័យ​ជាដាច់ខាត»។ ដោយឡែក បើតាម​សេចក្ដីថ្លែង ការណ៍របស់ក្រសួង​ការបរទេសចិន ចេញផ្សាយនៅ​ដើម​សប្ដាហ៍នេះ ក៏បានអះអាង​ថា ដែរចិននឹងរក្សាគោល​នយោបាយ​ ប្រទេសមួយ​ប្រព័ន្ធគ្រប់គ្រងពីរ ដែលជួយលើក​កម្ពស់​សន្តិភាព និងការ​បង្រួបបង្រួមជាតិ​ដោយសនិ្តវិធី។

គួរបញ្ជាក់ថា ប្រទេសចិន​ធ្លាប់បានជំរុញ​ជារឿយៗ ឱ្យសហរដ្ឋអាមេរិក​គោរពតាមគោល​នយោបាយ​ចិនតែមួយ និងសេចក្ដីថ្លែងការណ៍​រួម​ចំនួនបី រវាងទីក្រុងប៉េកាំង និងទីក្រុង​វ៉ាស៊ីនតោន ក៏ដូចជាប្រុងប្រយ័ត្ន​ខ្ពស់ចំពោះបញ្ហា​កោះតៃវ៉ាន់៕