(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រ៉ិច ធីល្លឺសុន បាននិយាយថា ស្ថានទូត​អាមេរិក​ប្រចាំប្រទេស​អ៊ីស្រាអែល ដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ សម្រេចចិត្តប្តូរពី​ទីក្រុង​តែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹមវិញនោះ នឹងមិនអាចធ្វើទៅបាន​នៅមុនឆ្នាំ២០២០ ដូចការចង់បាននោះឡើយ។ នេះបើ​តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

សារព័ត៌មាន ស៊ីនហួរ ដែលដកស្រង់ចំណុចសំខាន់​ពីកាសែត New York Times របស់​​សហរដ្ឋអាមេរិក​បានឲ្យដឹងថា «លោក ធីល្លឺសុន បានធ្វើសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ស្នាក់ការ​ក្រសួងការបរទេសក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដោយអះអាងថា ការរុះរើស្ថានទូតពីតែលអាវីវ ទៅកាន់​ហ្សេរុយសាឡឹម​វិញនោះ នឹងចំណាយ​ពេលមិនឲ្យដល់ ០៣ឆ្នាំនោះឡើយ ហើយវាគឺជាមហិច្ឆតា​មួយដ៏ប្រសើរណាស់»។

គួរបញ្ជាក់ថា បើទោះបីជាតំបន់មួយចំនួន បាននិងកំពុងផ្ទុះការតវ៉ា​យ៉ាងខ្លាំងក្លា ពីសំណាក់​ពិភពអ៊ីស្លាម ជាពិសេសក្រុមប៉ាឡេស្ទីន​​ក៏ដោយ ក៏សហរដ្ឋអាមេរិក​ហាក់មិនអើពើ​បន្តិចនោះឡើយ ដោយសេចក្តី​សម្រេចរបស់​ប្រធានាធិបតី នៅតែត្រូវយកទៅអនុវត្តន៍​ដោយមន្ត្រី​ក្រោមឱវាទ គ្រាន់តែវាមិនលឿន​ដូចការដែល លោក ដូណាល់ ត្រាំ ធ្លាប់បានប្តេជ្ញាថា នឹងរើភ្លាមៗ​នោះឡើយ។

សម្រាប់ពិភពលោក​ទាំងមូល ការរុះរើស្ថានទូតអាមេរិក​ទៅកាន់ហ្សេរុយសាឡឹម គឺមានន័យថា អាមេរិកទទួលស្គាល់​ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់​អ៊ីស្រាអែលដោយឯកតោភាគី ខណៈដែល​បណ្តាប្រទេសផ្សេងៗ​ទាំងអស់ រួមទាំងសម្ព័ន្ធមិត្តទាំងតូចទាំងធំ​របស់អាមេរិកផងដែរ គឺទទួលស្គាល់​តែ​រដ្ឋធានីតែលអាវីវ​ជាប់ឆ្នេរសមុទ្រមួយប៉ុណ្ណោះ ដែលជាទីតាំងដាក់​បេសកកម្មការទូតផ្លូវការ​របស់​ពួកគេ ហើយប្រទេស​ជាច្រើនក៏ធ្លាប់បានប្រកាសផងដែរ នឹងមិនដើរតាម​ការសម្រេចចិត្ត​របស់​អាមេរិកនោះឡើយ៕