(ម៉ានីល)៖ សភាហ្វីលីពីន​ទីបំផុត បានសម្រេចអនុញ្ញាត​តាមសំណើរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក្នុងការពន្យាពេល​​ច្បាប់​អាជ្ញាសឹក​​ នៅលើកោះមីនដាណាវ (Mindanao) ឲ្យមាន​សុពលភាព សម្រាប់រយៈពេល ០១ឆ្នាំទៀត ដើម្បីទុកឱកាស​ឲ្យ​កង​ទ័ព​​រដ្ឋា​ភិ​បាល​កម្ទេចពួកភេរវករ​ ក៏ដូចជាក្រុមឧទ្ទាម នៅតំបន់ភាគខាង​ត្បូងប្រទេស ឲ្យអស់ទាំង​ស្រុង។ នេះបើតាម​ការចេញ​ផ្សាយ​​ដោយ​​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

ពីដំបូងឡើយ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាស​ឲ្យអនុវត្តន៍​ច្បាប់អាជ្ញាសឹក​សម្រាប់រយៈពេលតែ ៦០ថ្ងៃប៉ុណ្ណោះ នៅទូទាំងកោះ​ Mindanao កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពី​ក្រុមឧទ្ទាម ដែលជាបណ្តាញ​របស់ ISIS បានចូល​លុកលុយ និង​កាន់កាប់​ទីក្រុង​​ម៉ារ៉ា​វី​ (Marawi)។ ខណៈសមរភូមិ​ប្រយុទ្ធរវាង ក្រុមឧទ្ទាមនិងកងទ័ពរដ្ឋាភិបាល ដើម្បីដណ្តើម​ទីក្រុងនេះមកវិញ ប្រព្រឹត្ត​​ទៅ​​​យ៉ាង​​ក្តៅ​គគុក កាលពី​ខែកក្កដា លោក ឌូតឺតេ បានសុំសភា​ឲ្យពន្យាច្បាប់​អាជ្ញាសឹកដល់ខែធ្នូ ឆ្នាំ២០១៧នេះ ជា​សំណើ​​មួយ​​ដែល​​ទទួល​បានការ​​អនុញ្ញាត​​យ៉ាងងាយ​ពីសភា។

រយៈពេលប្រមាណ ០៥ខែកន្លងផុតទៅ រដ្ឋាភិបាលហ្វីលីពីន ក៏ដណ្តើម​បានក្រុង Marawi យកមកវិញ​កាលពីខែតុលា ដែលជា​ការ​បើក​ផ្លូវ​សម្រាប់កិច្ចស្ថាបនា​ទីក្រុង ដែលត្រូវបាន​បំផ្លិចបំផ្លាញ ដោយសារការប្រយុទ្ធគ្នា​នេះឡើងវិញ។ នាថ្ងៃចន្ទដើម​​សប្តាហ៍​នេះ លោក ឌូតឺតេ ក៏ដាក់សំណើ​ជាថ្មីម្តងទៀត​ដល់សភា ដើម្បីពន្យាសុពលភាព​ច្បាប់អាជ្ញាសឹក​នៅទូទាំងកោះ Mindanao ឲ្យ​បន្ត​រហូត​ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីមានពេល​វេលាគ្រប់គ្រាន់ ក្នុងការ​កម្ទេច​ការគម្រាម​កំហែងនៃ អំពើភេរវកម្ម​​ចោល​ទាំង​ស្រុង នៅតាមតំបន់​​ភាគខាងត្បូង​ប្រទេសហ្វីលីពីន៕