(ប៉េកាំង)៖ ប្រទេសចិន​​ប្រារព្ធពិធី​រំលឹកវិញ្ញាណក្ខន្ធ​ប្រចាំឆ្នាំលើកទី៨០ នៅថ្ងៃពុធនេះ ដល់ជនរងគ្រោះ​នៃការសម្លាប់រង្គាល នៅក្នុងទីក្រុង​ណានជីង ដោយកងទ័ពជប៉ុន​នៅអំឡុងសម័យ សង្រ្គាម​កាលពី​ឆ្នាំ១៩៣៧។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

បណ្ដាថ្នាក់ដឹកនាំ​នៃគណៈកម្មាធិការមជ្ឈិមគណបក្ស​កុម្មុយនីស្ដចិន និងរដ្ឋាភិបាលចិន បានចូលរួមនៅ​ក្នុងពិធីរំលឹកខួបនេះ នៅឯទីលានស្ថិតនៅខាងមុខសាល​គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ នៃការសម្លាប់រង្គាលប្រជាជនចិនក្នុងទីក្រុងណានជីង។ ជប៉ុនបានឈ្លានពាន​តំបន់ភាគឦសាន​ប្រទេសចិន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ១៩៣១ ហើយបានចា​ប់ផ្ដើមវាយលុកទ្រង់ទ្រាយធំ លើប្រទេសចិន​នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៣៧។

បន្ទាប់មកទៀត រហូតដល់​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៣៧ ទើបកងទ័ព​ជប៉ុន បានវាយដណ្ដើម​យកទីក្រុង​ណានជីង ព្រមទាំងបានចាប់ផ្ដើមសម្លាប់ប្រជាជនចិនជាង ៣០០,០០០នាក់ ក្នុងរយៈពេល ៤០ថ្ងៃ រីឯស្ត្រីជនជាតិចិន ២០,០០០នាក់ ត្រូវបាន កងទ័ពជប៉ុន​រំលោភបំពាន​ផ្លូវភេទ។

គួរបញ្ជាក់ថា ដោយសាររឿងប្រវត្តិសាស្ត្រ​សង្គ្រាមមួយនេះ បានធ្វើឱ្យទំនាក់ទំនង​រវាងជប៉ុន និងចិន មានភាពល្អក់កករ​នឹងគ្នាស្ទើរជារៀងរាល់ឆ្នាំ នៅពេលទីក្រុង​ប៉េកាំង ប្រារព្ធខួបនេះម្ដង ដោយចិនតែងតែទាមទារ​ឱ្យជប៉ុនធ្វើការ​សូមទោស ប៉ុន្តែទីក្រុងតូក្យូ​បានបដិសេធ៕