(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក រ៉ិច ធីល្លឺសុន បានលើកឡើងពី​ការចាប់ផ្តើម​បើកកិច្ចចរចាដោយ​ផ្ទាល់ ជាមួយ​​កូរ៉េ​ខាងជើង​ដោយពុំមានលក្ខខណ្ឌ​ជាមុននោះឡើយ ពោល​គឺទីក្រុង​វ៉ាស៊ីនតោន លែងទាមទារ​ឲ្យ​ទីក្រុង​ព្យុងយ៉ាងដាច់​​ខាត ​ត្រូវ​​តែ​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ បើចង់ឲ្យមានការចរចា​គ្នាណាមួយ កើតឡើងបាន​ទៀតឡើយ។ នេះបើ​តាមការដក​ស្រង់​​ការ​ផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧។

ថ្លែងក្នុងព្រឹត្តិការណ៍​មួយនៅឯរដ្ឋធានី​វ៉ាស៊ីនតោន ប្រមុខការទូត​អាមេរិក​រូបនេះ បាននិយាយថា «ជួបគ្នា​សិនទៅ! សហរដ្ឋអាមេ​រិកអាចចូលតុចរចាបានគ្រប់ពេល នៅពេលដែលកូរ៉េខាងជើង​ត្រៀមរួចរាល់ថា នឹងចរចាគ្នា។ យើងត្រៀមលក្ខណៈរួចជាស្រេច ​ដើម្បី​ជួបទល់មុខគ្នា​ជាលើកដំបូង ដោយពុំមានលក្ខខណ្ឌ​ជាមុននោះឡើយ។ វាពិតជាមិនទំនង​ឡើយ ក្នុងការនិយាយថា​ យើងនឹងចរចា​​​លុះត្រាតែ​ទីក្រុងព្យុងយ៉ាង មកចូលអង្គុយ​តុចរចា ដោយត្រៀម​ចិត្ត​បោះចោល កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន រួចស្រេច​ទៅ​ហើយ​នោះ​​»​។

ការអត្ថាធិប្បាយខាង​លើរបស់ លោក ធីល្លឺសុន បានបង្ហាញពីការផ្លាស់ប្តូរ​គោលជំហរ​មួយ ដែលផ្ទុយពី​សេចក្តីថ្លែងការណ៍​​នា​ពេល​កន្លងទៅ ​របស់មន្រ្តី​ជាន់ខ្ពស់អាមេរិក​មួយចំនួន ដែលតម្រូវ​ឲ្យ​កូរ៉េខាងជើង​បង្ហាញថា ខ្លួនពិតជាច្បាស់លាស់ ក្នុងការពិភាក្សា​អំពី​​ការបោះបង់ចោលកម្មវិធី​នុយក្លេអ៊ែរ មុនកិច្ចចរចា​ផ្លូវការនានា អាចចាប់ផ្តើមប្រព្រឹត្ត​ទៅបាន។ យ៉ាងណាមិញ គេពុំទាន់ដឹងច្បាស់​​នៅឡើយទេ​ណា ការប្រែប្រួលនេះ​ទទួលការការគាំទ្រ​ទាំងស្រុង ពីសំណាក់ លោក ដូណាល់ ត្រាំ ដែរឬក៏អត់​ឡើយ។

គួរជម្រាបថា ការលើកឡើងរបស់លោករដ្ឋមន្រ្តីការបរទេសអាមេរិកនេះ ក៏ត្រូវ​បានធ្វើឡើង​ប្រមាណ ០២សប្តាហ៍ ក្រោយ​កូរ៉េខាង​ជើង បានបាញ់ធ្វើតេស្ត​មីស៊ីលផ្លោងឆ្លង​ទ្វីបជំនាន់ថ្មី Hwasong-15 ផងដែរ បន្ទាប់ពីរដ្ឋកុម្មុយ​និស្តមួយនេះ មានភាពស្ងប់ស្ងាត់​​អស់​រយៈពេលជាង ០២ខែ។ ម៉្យាងវិញទៀត ប៉ុន្មានខែកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានធ្វើសង្រ្គាម​ពាក្យសម្តី​ធ្ងន់ៗដាក់គ្នា​ទៅវិញមក ដោយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមបញ្ចេញភ្លើង​កំហឹងដ៏ក្តៅរោលរាល​ ដាក់​ទីក្រុង​ព្យុងយ៉ាង និងកម្ទេចប្រទេស​កូរ៉េខាងជើងចោល​ទាំងស្រុងតែម្តង៕