​(សេអ៊ូល)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បញ្ជាក់ជាថ្មី​ឡើងវិញថា ការដាក់ពង្រាយ​ប្រព័ន្ធខែលការពារមីស៊ីល​អាមេរិក THAAD​ នៅលើទឹកដី​កូរ៉េខាងត្បូង គឺទុកប្រើប្រាស់​ដើម្បីការការពារ​ខ្លួនតែប៉ុណ្ណោះ ប្រឈមមុខ​នឹង​ការគំរាមកំហែង កាន់តែខ្លាំង​ពី​កូរ៉េខាងជើង។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។

លោក មូន ជែអ៊ីន ថ្លែងបែបនេះ ​នៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍ចិន CCTV មុនពេល​បំពេញដំណើរទស្សនកិច្ច ​មកកាន់ប្រទេសចិន។ ថ្លែងនា​ឱកាស​នោះដែរ លោក មូន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ពង្រាយប្រព័ន្ធខែល​ការពារ​មីស៊ីល THAAD គឺជាវិធានការ​ការពារខ្លួន​សុទ្ធសាធ ហើយគ្មានបំណង​បំផ្លាញដល់ ផលប្រយោជន៍​សន្តិសុខចិន​នោះទេ... ម្យ៉ាងវិញ​ទៀត​កូរ៉េខាងត្បូង យល់ពីក្ដី​បារម្ភរបស់​ទីក្រុងប៉េកាំង ដូច្នេះយើងនឹងរក្សាសន្យាថា THAAD នឹងត្រូវបានប្រើប្រាស់សម្រាប់ ប្រឆាំងនឹង​មីស៊ីលកូរ៉េខាងជើង​តែមួយគត់ ដោយមិនធ្វើ​ឱ្យប៉ះពាល់ដល់​សន្តិសុខជាតិ​ចិនឡើយ»។

គួរបញ្ជាក់ថា លោក មូន ជែអ៊ីន នឹងផ្ដើមបំពេញ​ដំណើរទស្សនកិច្ច​មកកាន់​ទីក្រុងប៉េកាំង​ ពីថ្ងៃពុធស្អែកនេះ​រហូតដល់​ថ្ងៃសៅរ៍។ ដោយឡែក បើតាមការគ្រោង​ទុក​លោកនឹង ត្រូវ​ជួបពិភាក្សា​ការងារជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង លើប្រធានបទ​មួយ​ចំនួនដូចជា សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ទំនាក់ទំនងទ្វេភាគី ព្រមទាំង​ការដាក់​ពង្រាយ THAAD ដែលទីក្រុងប៉េកាំង​មើលឃើញថា ធ្វើឱ្យប៉ះពាល់​ដល់សន្តិសុខជាតិ​របស់ខ្លួន និងជាមូលហេតុធ្វើ​ឱ្យកូរ៉េខាងជើង ចេះតែបង្ករឿង​ឥតឈប់ឈរ៕