(ប៉េកាំង)៖ ចានផ្កាយរណប​ដ៏មហិមា និងធំជាងគេបង្អស់លើលោក របស់​ប្រទេសចិន ដែលមាន​ឈ្មោះថា FAST បានរកឃើញ​ផ្កាយ Pulsars ចំនួន ០៣បន្ថែមទៀតពីលើផ្កាយ Pulsar ចំនួន០៦ គិតចាប់តាំងតែ​ពី​​​ប្រតិបត្តិការសាកល្បង​របស់វា បានចាប់ផ្តើម​កាលពី​ខែ​កញ្ញា​ ឆ្នាំ២០១៦មក។​ នេះបើតាមការ​ឲ្យដឹងពី ទីភ្នាក់ងារសង្កេត​ផ្នែកតារាសាស្រ្តជាតិរបស់ប្រទេសចិន NAOC ដកស្រង់ដោយ​ ​ទីភ្នាក់​ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម លោក Zhang Shuxin អនុប្រធាននៃ​សាខារបស់ NAOC នៅខេត្ត Guizhou របកគំហើញ​នៃផ្កាយ Pulsar ជាច្រើន​ថែម​ទៀត នឹងជារឿងសាមញ្ញ​ទូទៅសម្រាប់ FAST នាថ្ងៃអនាគត។ លោក Li Di ប្រធានក្រុម​អ្នកវិទ្យាសាស្រ្ត ​នៃ​អង្គភាព​វិទ្យុសញ្ញា​​តារា​សាស្រ្តរបស់ NAOC បានលើកឡើង​នៅក្នុងបទសម្ភាសន៍​មួយ នាពេលកន្លងទៅនេះ នៅពេលដែល FAST ចាប់ផ្តើមប្រតិបត្តិផ្លូវ​ការ​របស់វានា​ឆ្នាំ២០១៩ ចានតេឡេស្កូប​យក្សនេះ នឹងរកឃើញវត្តមាន​របស់ផ្កាយ Pulsar មិនក្រោម ១០០ឡើយ ក្នុងមួយឆ្នាំៗ។

ការតាមដានក៏ដូច​ជាឃ្លាំមើលតារា Pulsar គឺជាមានសារៈ​សំខាន់ជាខ្លាំង ដោយសារតែវា​អាចប្រើប្រាស់ ដើម្បីបញ្ជាក់ពី​វត្តមាន​របស់​រលក​​ទំនាញ Gravitaional Radiation ព្រមទាំង​ប្រហោងខ្មៅ និងជួយផ្តល់ចម្លើយ​សម្រាប់សំណួរធំៗ​ដទៃទៀត នៅក្នុងផ្នែករូបវិទ្យា។​ Pulsar គឺជាប្រភេទ​ផ្កាយនឺត្រុង ឬ White Dwarf ដែលវិលក្នុងល្បឿន​យ៉ាងលឿនខ្ញាល់ ហើយបញ្ចេញ​​រលកវិទ្យុសកម្មអេឡិច​ត្រូម៉ា​ញេទិចពីខ្លួនវា។​

គួរជម្រាបថា FAST ដែលមានឈ្មោះ​ពេញថា Five-hundred-meter Aperture Spherical Radio Telescope មានទំហំសម្រាប់ទទួល​​យករលកសញ្ញា ស្មើនឹងតារាងបាល់ ៣០រួមបញ្ចូលគ្នា ហើយមុខងារ​ចម្បងរបស់វា រួមមានទាំងការ​​ឃ្លាំមើលផ្កាយ Pulsar ក៏ដូចជា​ការស្រាវជ្រាវ​រុករក​នៃ​រលកសញ្ញា​ទាក់ទង​ឆ្លងប្រព័ន្ធផ្កាយជាដើម៕