(អង់គ្លេស)៖ ក្មេងប្រុស​ស្រីពីរនាក់ បានបញ្ជូនតុក្កតា​អវកាសយានិក ដែលជាវត្ថុសំណព្វ​ចិត្តមួយរបស់​ពួកគេ ឡើងទៅ​កាន់​ផ្ទៃ​លំហ​អា​កាស​ក្នុងរយៈកម្ពស់​ខ្ពស់ជាង កម្ពស់យន្តហោះ​ធ្វើដំណើរដល់ទៅ ០៣ដង ពោលគឺឡើងដល់ ៣៧,៨០០ម៉ែត្រ ឯណោះ។ នេះ​បើ​តាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Independent UK នៅរសៀល​ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧។

កុមារា Oscar Adams អាយុ ០៩ឆ្នាំ និងប្អូនស្រីបង្កើត​របស់គេឈ្មោះ Layla អាយុ ០៧ឆ្នាំ រស់នៅក្នុង​ទីក្រុង Sheffield បានបញ្ជូន​​តុក្កតា Blox Spaceman ឲ្យធ្វើដំណើរ​រយៈពេលប្រមាណជា ០២ម៉ោង និង៣០នាទី ទៅកាន់ចុងលំហ​អាកាស ហើយ​ត្រឡប់ចុះ​​មក​វិញ​ បន្ទាប់ពីបានដាក់វាភ្ជាប់​ទៅនឹង​បាឡុងមួយ។

ដោយសហការ​ជាមួយក្រុមអ្នកជំនាញ​ពី ក្រុមហ៊ុនអវកាស SentintoSpace ដែលមានមូលដ្ឋាន​នៅក្រុង Sheffield ផ្ទាល់ បង​ប្អូនទាំង ​០២នាក់នេះ ​ក៏មានលទ្ធភាព​ប្រើប្រាស់សម្ពាធ​ឧស្ម័នអ៊ីដ្រូសែន ត្រូវបានគណនា​យ៉ាងល្អិតល្អន់បំផុត ដើម្បីនាំយក​បាឡុងរបស់​ពួក​គេ ឡើងទៅកាន់រយៈកម្ពស់ដល់ទៅជាង ៣៧គីឡូម៉ែត្រ។

Oscar និង Layla ទទួលបានឱកាស​ដ៏កម្របែបនេះ ក៏ដោយសារតែ​ហាងលក់ទំនិញ Wilko នៅក្នុងសហគមន៍​របស់ពួកគេដែរ គឺ​ក្រោយ​ពីម្តាយ​របស់ក្មេងទាំងពីរ បានសរសេរ​ទៅកាន់ហាងនេះ ដោយរៀបរាប់ពី​ក្តីស្រឡាញ់ចូលចិត្ត​របស់ Oscar និង Layla ចំពោះ​​​​សម្ភារៈក្មេង​លេងជាច្រើនប្រភេទ​របស់ហាងមួយនេះ។

គួរជម្រាបថា កុមារទាំង ០២នាក់​ ដែលតែងតែអនុវត្តការ​ពិសោធន៍​ផ្នែកវិទ្យាសាស្រ្តនៅផ្ទះ ជាមួយឪពុក​ម្តាយខ្លួននោះ សឹង​តែ​មិន​ជឿ​ភ្នែក​​របស់​ពួក​គេ​ឡើយ នៅពេលដែលពួកគេ​ទាំងពីរ បានឃើញឃ្លីបវីដេអូ នៃដំណើរទៅកាន់លំហអាកាស​ របស់តុក្កតា​សំណព្វចិត្តពួកគេ ក្រោយពីញ៉ាំ​អាហារពេលថ្ងៃត្រង់​រួចនោះ៕