(បរទេស)៖ មនុស្សមួយចំនួន​ប្រហែលជាធ្លាប់ដឹង​ហើយថា អង្គការក្រៅ​រដ្ឋាភិបាល​មួយហៅថា Asgardia មានបំណងចង់​ក្លាយ​ខ្លួន​ជា​ចក្រភព និងរដ្ឋអធិបតេយ្យ​ដំបូងគេ​បង្អស់ នៅក្នុងទីអវកាស។ ប៉ុន្មានថ្ងៃ​មុននេះ Asgardia បានបញ្ជូនផ្កាយរណប ​លើកទីមួយ​​របស់​ខ្លួន ទៅកាន់គន្លង​គោចរ​ជុំវិញផែនដី ហើយបានអះអាង​ថា ការចល័តផ្កាយ​រណបតូចនេះ មានន័យថា ខ្លួនគឺជាប្រជាជាតិ​​ដំបូង​គេ ដែលអាចគ្រប់គ្រងតំបន់ទាំងអស់បាន នៅទីអវកាស។ 

ប៉ុន្តែអ្នកស្រាវជ្រាវ​ខាងផ្នែកច្បាប់​នៅអវកាស បានបញ្ចេញមតិ​​ជំទាស់​ ចំពោះ​ការអះអាងនេះ និងបានលើក​ឡើងថា Asgardia ត្រូវធ្វើកិច្ចជាច្រើន​ផ្សេងទៀត ដែល​អាច​ចំណាយ​​ពេល​រាប់​​ទសវត្សរ៍​ ទើប​អាចក្លាយខ្លួនជាប្រទេសមួយ មានការទទួល​ស្គាល់ពេញ​លេញបាន។ នេះបើ​តាមការដកស្រង់​ការផ្សាយ​ចេញពី ​សារព័ត៌​​មាន Business Insider នៅរសៀលថ្ងៃ​សៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០១៧។

Asgardia សព្វថ្ងៃ​គឺជាអង្គការក្រៅរដ្ឋាភិបាល និងមិនរកប្រាក់​ចំណេញមួយ ដែលស្ថិត​នៅទីក្រុង ទីក្រុង វីយែន (Vienna) នៃប្រទេសអូទ្រីស ហើយ​ថ្នាក់ដឹកនាំ​នៃអង្គការ មានក្តីបំណងចង់​កសាងចក្រភពមួយ​នៅទីអវកាស ដែលប្រមូល​រ៉ែពីដុំអាចម៍ផ្កាយ និងការពារភព​ផែនដីពី​​​អាចម៍ផ្កាយ និងកម្ទេចកម្ទីរ​នានានៅក្នុង​លំហអាកាស ព្រមទាំងការ​គម្រាមកំហែង​ដទៃៗទៀត។

កាលពីប៉ុន្មាន​ខែមុន លោក Ram Jakhu ដែលជាស្ថាបនិកម្នាក់​ក្នុងចំណោមស្ថាបនិក​របស់ Asgardia បានថ្លែងក្នុងសន្និសីទ​សារ​ព័ត៌មានមួយថា «Asgardia គឺជាប្រជាជាតិ​នៅទីអវកាសមួយ ដែលប្រមូលផ្តុំ​ទៅដោយចម្រុះ​ពូជសាសន៍ ជនជាតិ សាសនា និង​​ទីកន្លែង​ដែលប្រកបដោយ​សីលធម៌ និងសុខសន្តិភាព ក៏ដូចជាទីជម្រក​របស់មនុស្សជាតិ​ផងទាំងពួង នៅទីអវកាស»។

ផ្កាយរណបដ៏​តូចរបស់ Asgardia ដែលត្រូវបានលើក​ឡើងខាងលើ មានឈ្មោះថា Asgardia-1 និងមានផ្ទុកបន្ទះ​ស្តុកទិន្នន័យទំហំ ​៥១២GB ដែលមាននូវរដ្ឋធម្មនុញ្ញ និមិត្តសញ្ញា​របស់ប្រជាជាតិ​នេះ ព្រមទាំងទិន្នន័យ​ដែលត្រូវបានជ្រើសរើស​ដោយផ្ទាល់ ស្តីពី​ភាព​​ជា​​ពល​រដ្ឋ​​របស់ Asgardia។ Asgardia បានអះអាង​ការបញ្ជូនផ្កាយរណប​របស់ខ្លួន ទៅកាន់គន្លងគោចរជុំវិញផែនដី​បែបនេះ បានធ្វើ​ឲ្យ​ខ្លួន​គឺជា​ប្រជា​ជាតិ​​ដំបូង​គេ ដែលមានដែនដី​នៅក្នុង​ទីអវកាស។

យ៉ាងណាមិញ ជុំវិញរឿងនេះ អ្នកវិទ្យាសាស្រ្ត​សិក្សាលើច្បាប់ស្តី​ពីទីអវកាស បាននិយាយថា សមិទ្ធផលនេះ ប្រហែលជា​ពុំមាន​សារៈសំខាន់​អ្វីធំដុំ និងគួរឲ្យត្រេកអរ​ខ្លាំងនោះឡើយ។ Asgardia មានចំនួន​មនុស្ស​គ្រប់គ្រាន់ ដែលបានដាក់​ពាក្យសុំចូលជាពល​រដ្ឋ ដើម្បីអាចត្រូវ​ឆ្លងកាត់ការ​ពិចារណា​ ចាត់ទុកជារដ្ឋមួយបាន ដោយអង្គការ​សហប្រជាជាតិ ដោយសារចំនួន​ទាបបំផុត​គឺ​​តែ​​ ១០០,០០០ប៉ុណ្ណោះ។ ក៏ប៉ុន្តែពិភពលោក ទំនងជា​នឹងមិនទទួល​ស្គាល់ Asgardia ជារដ្ឋអធិបតេយ្យមួយ​នោះឡើយ ទោះបីជា​ពេល​នេះ វាបានកាន់​កាប់តំបន់នៅទីអវកាស​យ៉ាងណាក្តី៕