(ហ្សាកាតា)៖ ស្ថានទូត​អាមេរិក ប្រចាំប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយ​សារព្រមាន​ពីសន្តិសុខ សម្រាប់ពលរដ្ឋ​របស់ខ្លួនដែល​កំពុងស្ថិត ឬរស់នៅ​ក្នុងប្រទេស ក្នុងតំបន់អាស៊ី​អាគ្នេយ៍មួយនេះ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទទួល​ស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់​អ៊ីសា្រអែល និងក្រោយពី​ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ប្រកាសថ្កោលទោសខ្លាំងៗ លើការសម្រេចចិត្តបែបនេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

ជាមួយគ្នានោះ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន ស្ថានទូតអាមេរិក​ក៏បានព្រមាន​ដែរថា ការទទួល​ស្គាល់នេះ​អាចនឹងជំរុញ​ឱ្យមានការតវ៉ា ដែលអាចនឹងផ្ទុះ​ទៅជា​អំពើហិង្សា។ ស្ថាន ទូតអាមេរិក​បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ស្ថានទូតអាមេរិក​ប្រចាំទីក្រុង​ហ្សាការតា សូមរំលឹក​ដល់ពលរដ្ឋអាមេរិក ពីភាពចាំបាច់នៃ​ការប្រុងប្រយ័ត្ន និងស្វែងយល់​ពីសន្តិសុខ​ផ្ទាល់ខ្លួន ដោយត្រូវនៅ​ឱ្យឆ្ងាយពីការតវ៉ា ស្ដាប់តាម​ការណែនាំពី​អាជ្ញាធរ​នៅក្នុងតំបន់ ព្រមទាំងតាមដានការវិវត្តន៍​ព័ត៌មាន ឱ្យបានដិតដល់»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ​ ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានប្រកាស​ទទួលស្គាល់​ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីសា្រអែល ដែលខ្លួន​នឹងរុះរើស្ថានទូត​ទៅកាន់ទីនោះវិញ ប៉ុន្តែប្រទេសជាច្រើន​ក្នុងនោះមានទាំង ឥណ្ឌូណេស៊ី បានថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះការសម្រេច​ចិត្តនេះ និងអំពាវនាវ​ឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញ៕