(ម៉ានីល)៖ ទីបំផុតច្បាប់អាជ្ញាសឹក នៅខេត្តមីដាណាវ ភាគខាងត្បូង​ប្រទេសហ្វីលីពីន ដែលត្រូវ​បានដាក់តាំងតែពីអំឡុង​ទីក្រុងម៉ារ៉ាវី ត្រូវបានក្រុម​ឧទ្ទាមគាំទ្រ ISIS រឹបអូសនោះ ត្រូវបានយោធាស្នើ​សុំប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ពន្យាថែម​មួយឆ្នាំទៀត គិតចាប់តាំងពី​ដើមខែធ្នូ នេះតទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

ការទាមទារបែបនេះ ធ្វើឡើងទៅកាន់ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោក ឌូតឺតេ និងត្រូវបានមន្ត្រីយោធា បង្ហើបឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះតែម្តង ដោយរង់ចាំតែ​ការសម្រេច​ចុងក្រោយ ពីលោកប្រធានាធិបតីប៉ុណ្ណោះ។ ប្រការនេះបានកើតមាន​ឡើងតែប៉ុន្មានថ្ងៃ​​ប៉ុណ្ណោះ បន្ទាប់ពីពួកឧទ្ទាម​ភាគត្បូង បានបើកការ​វាយប្រហារ​មកលើកង​កម្លាំង​យោធា​របស់រដ្ឋាភិបាល​ហ្វីលីពីនជាថ្មី ហើយក៏កើតចេញ​ជាការប្រយុទ្ធតបតគ្នា​ជាច្រើនលើក នាំឲ្យមនុស្សស្លាប់​ជាច្រើននាក់បន្ថែមទៀត នៅលើប្រជុំកោះ​ភាគខាងត្បូងនោះ។

គួរបញ្ជាក់ថា ការប្រកាសបន្តប្រើច្បាប់អាជ្ញាសឹកមួយឆ្នាំទៀតនេះ គឺបានកើតមានរយៈពេល ៥០ថ្ងៃ ក្រោយពីការប្រការជោគជ័យ លើសង្គ្រាមរំដោះទីក្រុងម៉ារ៉ាវី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧។ ការប្រកាសអំពីជ័យជម្នះដ៏ធំកាលណោះ ត្រូវបានធ្វើឡើងបន្ទាប់ពីរយៈពេល ១៤៨ថ្ងៃ ដែល​សង្គ្រាម​ដ៏ក្តៅគគុក​នៅភាគខាងត្បូងហ្វីលីពីន បានអូសបន្លាយ​ដែលជាហេតុបង្កឲ្យមនុស្សរាប់រយ​នាក់បាត់បង់ជីវិត រួមមានទាំងយោធា ជនស៊ីវិល និងក្រុមឧទ្ទាមគាំទ្រ ISIS។

តាមការបញ្ជាក់របស់រដ្ឋាភិបាលបានឲ្យដឹងថា «យោធាបានចំណាយពេលវេលាជិត ៥ខែ ក្នុងបណ្តេញក្រុមឧទ្ទាម Maute ដែលបានផ្តាច់ជីវិត​សមាជិកក្រុមនេះជាង ៨០០នាក់ ក្នុងនោះមានទាំងអ្នកប្រយុទ្ធ មកពីបរទេស​ផងដែរ»។ បន្ថែមពីនេះ ខាងរដ្ឋាភិបាលវិញ យោធាសរុប ១៦២នាក់បានស្លាប់ និងជនស៊ីវិល ៤៧នាក់បាត់បង់ជីវិត ក្នុងសង្គ្រាម​ដែលបាន​ចាប់ផ្តើមឡើងកាលពីថ្ងៃទី២៣ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧៕