(បរទេស)៖ វិស័យអវកាស និងវិទ្យាសាស្ត្រ គឺភាគច្រើនទទួលការចាប់អារម្មណ៍ខ្លាំង សម្រាប់តែ​ប្រទេស ដែលមានសេដ្ឋកិច្ច​រីកចំរើនខ្លាំងក្លា​ប៉ុណ្ណោះ ព្រោះវាជាវិស័យ​ដែលមានទស្សនវិស័យ​វែង​ឆ្ងាយបំផុត និងផ្តល់ផលប្រយោជន៍​យូរអង្វែង សម្រាប់មនុស្ស​លោកលើផែនដី ប៉ុន្តែត្រូវការចំណាយថវិកាជាតិច្រើនបំផុត។ នេះបើតាមការវែបសាយ Aero Space ដែលត្រូវបានដកស្រង់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

ខាងក្រោមនេះជា​បញ្ជីឈ្មោះប្រទេស​ទាំង ១០ ដែលមានការនាំមុខគេបំផុតក្នុង​វិស័យ​វិទ្យាសាស្ត្រ និងអវកាស​ ប្រចាំឆ្នាំ២០១៧នេះ ដោយរាប់ពី​តូចទៅធំ៖

១០៖ ប្រទេសលុចហ្សំបួរ៖ ប្រទេសអឺរ៉ុបមួយនេះ មានការយកចិត្តទុកដាក់ខ្លាំង ទៅលើវិស័យ​អវកាស និងការស្រាវជ្រាវវិទ្យាសាស្ត្រដែលពាក់ព័ន្ធ ដោយប្រទេសនេះក៏ជាសមាជិក​មួយដែរ​របស់​ទីភ្នាក់ងារ​​អវកាសអឺរ៉ុប ESA ហើយប្រទេស​ដ៏សុខសាន្តនេះ ក៏ចាត់ទុកការស្រាវជ្រាវ​ទីអវកាស ជាផែនការអភិវឌ្ឍ​ថ្នាក់ជាតិទៀតផង ដោយផ្តោតលើ​វិស័យទូរគមនាគមន៍, ការអង្កេតភពផែនដី, សន្តិសុខនាវាចរ និងបច្ចេក​វិទ្យាអវកាស។  

០៩៖ ប្រទេសបារាំង៖ ប្រទេសសេដ្ឋកិច្ចយក្សទី ៥ លើលោកមួយនេះ មានការរីកចំរើន​ខ្លាំង ដែលផ្នែកអវកាស​ស៊ីវិល និងអវកាស​យោធា។ បារាំងជាប្រទេស​ដែលតែងតែឧបត្ថមធំជាង​គេ​មួយ ទៅដល់ទីភ្នាក់ងារ​អវកាស ESA សម្រាប់កិច្ចការ​អវកាសរួម។ បន្ថែមពីនេះកម្មវិធី​អភិវឌ្ឍន៍​អវកាសសម្រាប់យោធា​ ក៏មានសមត្ថភាពខ្លាំងក្លាផងដែរ ដោយផ្តោតទៅលើ ផ្កាយរណប​អង្កេតផែនដី, ផ្កាយរណប​ស៊ើបការណ៍ និងឲ្យសញ្ញា ព្រមទាំងផ្កាយរណប ដើម្បីបម្រើវិស័យយោធាមួយចំនួន។

០៨៖ ប្រទេសអាល្លឺម៉ង់៖ ប្រទេសសេដ្ឋកិច្ច​លេខ ៤ លើពិភពលោកមួយនេះ ពិតជាពោពេញ​ដោយសក្កានុពល​លើ​គ្រប់វិស័យ ហើយសម្រាប់វិស័យអវកាសវិញ ក៏កាន់តែពិសេស​ផងដែរ។ គ្រាន់តែ​កម្មវិធី​ពាក់ព័ន្ធ​​នឹងយាន Huygens ដែលភ្ជាប់ជាមួយ Cassini ទៅស្រាវជ្រាវភពសៅរ៍, យាន Dawn សម្រាប់ស្រាវជ្រាវ​នៅភពបម្រុង Vesta និង Ceres ព្រមទាំងប្រព័ន្ធ​ចង្អុលទិស Galileo របស់អឺរ៉ុបនោះ ក៏យើងអាច​ដឹងបានដែរថា ប្រទេសនេះមាន​អំណាចកម្រិតណា​ នៅក្នុងការ​ជួយ ESA ស្រាវជ្រាវក្នុងប្រព័ន្ធ​ព្រះអាទិត្យនោះ។

០៧៖ ប្រទេសកាណាដា៖ ប្រទេសសេដ្ឋកិច្ចរីកចំរើន​ខ្លាំងនៅលើពិភពលោកមួយនេះ ក៏ជាអ្នក​ដែលសកម្មក្នុង​កម្មវិធីស្រាវជ្រាវ បច្ចេកវិទ្យា​អវកាសផងដែរ។ ទីភ្នាក់ងារ​អវកាស កាណាដា CSA បានព្យាយាមផ្កោត​សំខាន់លើការអភិវឌ្ឍ​ផ្កាយរណប ជាពិសេសក្នុងទំហំតូចៗ​ជាងគេ។

០៦៖ ប្រទេសឥណ្ឌា៖ មហាយក្ស​លេខ ២ ប្រចាំតំបន់អាស៊ី​មួយនេះ ព្យាយាមដើរ​តាមគេឯង​យ៉ាងខ្លាំង រហូតដល់ក្លាយ​ជាប្រទេសកំពូលមួយដែរ ក្នុងការស្រាវជ្រាវ​បច្ចេកវិទ្យាអវកាស។ ឥណ្ឌាបានបាញ់​ឧបករណ៍​អវកាសជាង ៨០គ្រឿង គិតចាប់តាំងពី​ឆ្នាំ១៩៧៥មក។ ទីភ្នាក់ងារ​អវកាស ISRO របស់ឥណ្ឌា គឺគ្រប់គ្រងទាំងស្រុង​ដោយរដ្ឋ ហើយភាគច្រើន​គឺផ្តោតសំខាន់​លើការផលិត​ផ្កាយរណប និងប្រព័ន្ធបាញ់​បង្ហោះ។ ឥណ្ឌាក៏ជាប្រទេសមានគោលដៅ​ទៅភព​អង្គារ និងធ្លាប់បញ្ជូនយាន​ទៅថតរូបភព​ក្រហមនោះ បានសម្រេច​ជោគជ័យផងដែរ។

០៥៖ ចក្រភពអង់គ្លេស៖ ប្រទេសដែល​ទើបធ្លាក់លំដាប់សេដ្ឋកិច្ចមកទី ៦ នៅលើលោកនេះ គឺជាអ្នកដើរតួនាទី​សំខាន់បំផុតមួយ នៅក្នុងទីភ្នាក់ងារ​អវកាស ESA។ អង់គ្លេសបានបាញ់​បង្ហោះផ្កាយរណប​ផ្ទាល់ខ្លួនឈ្មោះ Ariel 1 តាំងពីឆ្នាំ១៩៦២ មកម្ល៉េះ ហើយភាគច្រើន​នៃផ្កាយ​រណបរបស់​ចក្រភពនេះ គឺមានទំហំធំៗ ដែលទាក់ទងនឹងការស្រាវជ្រាវ​វិទ្យាសាស្ត្រ យោធា ការរុករក និងទំនាក់ទំនង​ផងដែរ។

០៤៖ ប្រទេសជប៉ុន៖ បិតានៃ​បច្ចេកវិទ្យា និងជាប្រទេស​សេដ្ឋកិច្ចធំទី ៣ លើពិភពលោកនេះ មានភាពរស់រវើកណាស់​ទៅលើវិស័យ​អវកាសនេះ។ ផ្កាយរណបដំបូង​របស់ជប៉ុន Osumi ត្រូវបានបាញ់​បង្ហោះ កាលពី​ឆ្នាំ១៩៧០ ដែលបានក្លាយជា​ប្រទេសទី ៤ បន្ទាប់ពីរុស្ស៊ី អាមេរិក និងបារាំង ក្នុងការបាញ់​បង្ហោះផ្កាយរណប​ដោយខ្លួនឯង ទៅកាន់​ទីអវកាស។ ផ្កាយរណបជប៉ុន​ភាគច្រើន គឺបម្រើ​លើវិស័យ ទំនាក់ទំនង, អង្កេតអាចម៍ផ្កាយ, អង្កេតតារាសាស្ត្រ និងអង្កេត​ភពផែនដី។ ទីភ្នាក់ងារអវកាស​ជប៉ុន JAXA គឺជាអ្នកគ្រប់គ្រង​កម្មវិធី​អវកាសនានា។

០៣៖ ប្រទេសរុស្ស៊ី៖ ទោះបីជាសង្គ្រាម​ត្រជាក់ រុស្ស៊ីហាក់នៅត្រសង​ក្នុងការប្រកួតប្រជែង​ជាមួយអាមេរិកក្តី ប៉ុន្តែពេលនេះអាចបានត្រឹមលេខ ៣ប៉ុណ្ណោះ។ អតីតសហភាព​សូវៀតជាអ្នក​បាញ់បង្ហោះផ្កាយរណប​សិប្បនិម្មិតដំបូង កាលពី​ឆ្នាំ១៩៥៧ ហើយបច្ចុប្បន្ន​រុស្ស៊ីជាអ្នក​គ្រប់គ្រង​ផ្កាយរណបច្រើន​បំផុតលំដាប់​លេខ ៣ នៅក្នុងទីអវកាស។

០២៖ ប្រទេសចិន៖ មហាយក្ស​ដែលមានប្រជាជន​ច្រើនបំផុត នៅលើពិភពលោក និងសេដ្ឋកិច្ចលេខ ២ ធំជាងគេនេះ គឺកំពុងតែប្រកួត​ប្រជែងយ៉ាងខ្លាំងក្លា ដើម្បីឈានទៅ​រកលេខ ១ នៅប៉ុន្មាន​ទសវត្សរ៍​ខាងមុខ។ កម្មវិធីទៅឋាន​ព្រះច័ន្ទដែល​ជោគជ័យ, ការត្រៀមខ្លួន​ទៅភពអង្គារ, ការត្រៀមបង្កើត​ស្ថានីយ៍អវកាស​ខ្លួនឯង, និងកម្មវិធីចំណាយ​លុយរាប់រយ​រាប់ពាន់លានដុល្លារ​ជាច្រើន​ទៀតនោះ គឺមិនមែនជាក្តី​ស្រមៃទៀតឡើយ​សម្រាប់ចិន។ រដ្ឋបាល​អវកាសចិន CNSA គឺជាអ្នកគ្រប់គ្រង​កម្មវិធីទាំងអស់ ដែលពាក់ព័ន្ធនឹង​វិស័យនេះ។

០១៖ សហរដ្ឋអាមេរិក៖ មិនបាច់ប្រាប់ក៏លោក​អ្នកអាចស្មានដឹងដែរថា នរណាជាប់លេខ ១ ជាប្រទេសនាំមុខ​គេក្នុងវិស័យបច្ចេក​វិទ្យាអវកាស។ សហរដ្ឋអាមេរិក ជាអ្នកគ្រប់គ្រង​អង្គការ NASA ដ៏ល្បីល្បាញ ព្រមទាំងស្ថានីយ៍​អវកាសអន្តរជាតិ ISS។ ភាគជោគជ័យ នៃបេសកកម្ម​អវកាស​របស់​សហរដ្ឋអាមេរិក គឺធំធេងរកអ្វីប្រៀប​ផ្ទឹមគ្មាននោះឡើយ ជាពិសេស​គឺបានជួយដល់​ការ​គ្រប់គ្រង​សុវត្ថិភាពផែនដី និងទីអវកាសកាន់​តែប្រសើរឡើង មិនធ្លាប់មាន​ក្នុងប្រវត្តិសាស្ត្រ​មនុស្សជាតិ។ បេសសកម្ម​ទៅឋានព្រះច័ន្ទ ភពអង្គារ ភពភ្លុយតូ ភពសៅរ៍ ភពព្រហស្បតិ៍ និងទីកន្លែង​ជាច្រើន​ទៀត នៅក្នុងប្រព័ន្ធព្រះអាទិត្យ គឺបានបង្ហាញយ៉ាងច្បាស់ពី​សក្កានុពល និងទស្សនវិស័យ​ដ៏វែងឆ្ងាយ គួរឲ្យកោត​សរសើរបំផុត៕