(ឡូសអាន់​ជែឡែស)៖ ជាមួយផ្សែងអ័ព្ទ​យ៉ាងខ្មួលខ្មាញ់ និងអណ្តាតភ្លើងដ៏​សន្ធោសន្ធៅ នៃភ្លើងឆេះព្រៃ ដែលកំពុងរីក​​រាល​​​ដាល​កាន់​តែខ្លាំង​ទៅៗ នៅរដ្ឋកាលីហ្វរញ៉ា ​បានបន្តវាយលុក​មកដល់ទីក្រុង​ឡូសអាន់ជែឡែស​ (L.A) ថែមទៀត ដែលជាទីប្រជុំ​ជន​ដ៏​​ធំ​សម្បើម​មួយ​របស់​សហ​រដ្ឋ​​អា​មេរិក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី សារព័ត៌មាន New York Times នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ​២០១៧។

ខណៈអគ្គិភ័យបានរីករាល​ដាលហួសពីការ​គ្រប់គ្រង នៅស្ទើរតែពាស​ពេញភាគ​ខាងត្បូងរ​ដ្ឋកាលីហ្វរញ៉ា អណ្តាតភ្លើងថ្មីបានកើត​មាន​ឡើង​នៅក្នុងតំបន់​ទីប្រជុំជន Bel-Air ជាយទីក្រុងឡូសអាន់ជែឡែស (Los Angeles) និងកំពុងបង្កការ​គម្រាមកំហែង​ដល់ទីក្រុង វែនថូរ៉ា (Ventura) ​ដែលស្ថិតនៅភាគ​ពាយ័ព្យ​ទីក្រុង Los Angeles ផងដែរ។

ជាមួយគ្នានេះ​មនុស្សជិត ២០០,០០០នាក់ នៅតាមតំបន់មួយចំនួន​នៃទីក្រុង Los Angeles និង Ventura ត្រូវបានបង្ខំ​ឲ្យ​ជម្លៀស​ខ្លួន​​ជាបន្ទាន់ ស្របពេលដែលអាជ្ញាធរ​បានលើកឡើងថា កម្លាំងខ្យល់បក់​សន្ធប់ខ្លាំងៗ ទំនងជានឹងធ្វើឲ្យ​ស្ថាន​ការណ៍ភ្លើង​ឆេះ​ព្រៃកាន់តែអាក្រក់​ថែមទៀត។

ម៉្យាងវិញទៀត សរុបមកទល់ពេលនេះ ករណីភ្លើងឆេះព្រៃ​នៅភា​គខាងលិចសហរដ្ឋអាមេរិកនេះ បានបំផ្លិចបំផ្លាញអគារ​ ​​ព្រម​ទាំង​លំនៅឋានច្រើ​នជាង ៣០០កន្លែង ហើយ​សាលារៀន​រាប់រយកន្លែង ត្រូវបានបញ្ជា​ឲ្យបិទទ្វារ​ពេញ​មួយសប្តាហ៍ ដោយសារ​តែ​​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់ខ្មឹក កំពុងគ្របដណ្តប់​លើផ្ទៃអាកាស ខណៈក្រុមភ្នាក់​ងារពន្លត់អគ្គិភ័យ​ជាង ១,៧០០នាក់ ​កំពុង​​ខិត​ខំ​​ពន្លត់​​​​អណ្តាត​ភ្លើងដ៏​សន្ធោសន្ធៅនេះ។​

គួរជម្រាបថា បើតាមអាជ្ញាធរ​អាមេរិក រដូវភ្លើងឆេះព្រៃ ជារឿយៗច្រើនតែ​កើតមានឡើង នៅកំឡុង​ខែតុលា ជារៀងរាល់ឆ្នាំ​ក្នុង​​រដ្ឋ​កាលីហ្វរញ៉ា ប៉ុន្តែពីព្រោះ​ការបញ្ហាបម្រែបម្រួល​អាកាសធាតុ ករណីភ្លើងឆេះព្រៃ​ជាច្រើនផ្សេង​ទៀត កំពុង​បន្តកើតមានឡើង​​​​នៅ​​​កំឡុងខែ​វិច្ឆិកា និងខែធ្នូ នាចុងឆ្នាំនេះ៕