(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសធំជាងគេ​នៅតំបន់អាស៊ាន និងមានអ្នក​ប្រតិបត្តិសាសនា​អ៊ីស្លាមធំបំផុត នៅលើពិភពលោកនោះ បានប្រកាសថ្កោលទោសក្នុងកម្រិត​ធ្ងន់ ចំពោះសេចក្តីសម្រេច​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបាន​ទទួល​ស្គាល់​ទីក្រុងហ្សេរុយសាឡឹម​ដ៏ពិសិដ្ឋ ជារដ្ឋធានីរបស់អ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (Joko Widodo) ដែលជាអ្នកចេញ​សេចក្តីថ្លែងការណ៍​ខាងលើនេះ​ផ្ទាល់ បានអះអាង​​យ៉ាង​ដូច្នេះថា «ប្រទេស​ឥណ្ឌូណេស៊ី ប្រកាស​ថ្កោលទោស​កម្រិតធ្ងន់ ចំពោះ​សេចក្តី​សម្រេច​ជាឯកតោភាគី របស់​សហរដ្ឋអាមេរិក ក្នុងការទទួល​ស្គាល់ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី​នៃ​ប្រទេស​អ៊ីស្រាអែល។ សេចក្តីសម្រេច​បែបនេះ ត្រូវបានចាត់ទុកជា​ការប្រឆាំង ចំពោះដំណោះ​ស្រាយនៃអង្គការសហប្រជាជាតិ និងអាចបង្កឲ្យ​មានអស្ថិរភាព​​នៅលើសកលលោក​ផងដែរ»។

បន្ថែមពីការថ្កោលទោសខាងលើនេះ លោក Joko Widodo បានសង្កត់ធ្ងន់ថា ប្រជាជន​ឥណ្ឌូណេស៊ី តែងតែគាំទ្រឥតងាករេ ចំពោះការព្យាយាមទាមទារឯករាជ្យ​ពីសំណាក់​ប្រជាជនប៉ាឡេស្ទីន។ គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស​ទទួលស្គាល់​ទីក្រុងយ៉េរូសាឡឹម ជារដ្ឋធានីរបស់​អ៊ីស្រាអែល នៅថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧ បើទោះជាមាន​ការព្រមានពីក្រុម​មន្ត្រី​អាមេរិក​ខ្លួនឯង និងបណ្ដាប្រទេស​សម្ព័ន្ធមិត្ត​របស់ខ្លួន​ក៏ដូចជាប្រទេសអ៊ីស្លាមទាំងតូចទាំងធំ នៅទូទាំងពិភពលោកក៏ដោយ៕