(រ៉ង់ហ្គូន)៖ សហភាពមីយ៉ាន់ម៉ា​​បាន​បង្ហាញ​ពី​គោល​ជំហរ​​ជំទាស់ ចំពោះដំណោះ​ស្រាយ​មួយរបស់ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គ​ការសហ​ប្រ​ជាជាតិ ហៅកាត់ថា UNHCR ដែលទាក់ទិននឹង​បញ្ហាជនជាតិ​រ៉ូហ៊ីងយ៉ា ក៏ប៉ុន្តែបាន​សន្យាវិញថា នឹងខិតខំ​ប្រឹងប្រែង​​ដោះស្រាយ​បញ្ហាប្រឈម​នៅរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើង​ប្រទេសនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌​មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

នាថ្ងៃព្រហស្បតិ៍នេះ ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ របស់អ្នកតំណាងអចិន្រ្តៃយ៍មីយ៉ាន់​ម៉ា​ប្រចាំនៅអង្គការសហប្រជាជាតិ លោក U Htin Lynn ដែលឆ្លើយតបចំពោះសេចក្តីព្រាងដំណោះស្រាយមួយ ដែលត្រូវបាន​បញ្ជូន​ទៅកាន់អង្គសម័យប្រជុំរបស់ UNHCR ស្តីពីបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

សេចក្តីថ្លែងការណ៍​ខាងលើបានលើក​ឡើងថា ប្រទេស​មីយ៉ាន់ម៉ា សូមជំទាស់​ចំពោះដំណោះស្រាយ​ទាំងឡាយ ដែល​អាច​បង្ក​​ការ​បែកបាក់ បះបោរ និងប្រឈមមុខ​ដាក់គ្នា​នៅក្នុងប្រទេស ហើយវាមិនឆ្លុះ​បញ្ចាំងឲ្យឃើញពី​គោលការណ៍​របស់ UNHCR ដែល​ថា​​​មិនលម្អៀង ប្រកបដោយ​សត្យានុម័ត និងគ្មានភាព​អត្តនោម័តនោះ​ឡើយ។

លោក Lynn បានបញ្ជាក់​ក្នុងសេចក្តីថ្លែងការណ៍​ដដែលថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា បាននិងកំពុង​ប្រឹងប្រែង​ជាខ្លាំង ដើម្បីដោះស្រាយ​​បញ្ហានៅរដ្ឋ Rakhine នេះដោយ​ខ្លួន​ឯងផ្ទាល់ ព្រមទាំង​តាមរយៈកិច្ចសហប្រតិបត្តិ​ការ​ជាមួយបង់ក្លាដែស ជាទីដែល​ជនភៀសខ្លួន​​រ៉ូហ៊ីងយ៉ា​រាប់សែននាក់​ បានរត់ទៅជ្រកកោន។

គួរជម្រាប​ផងដែរថា មីយ៉ាន់ម៉ា និងបង់ក្លាដែស បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​មួយ កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងទៅ ស្តីពីការ​បញ្ជូនជនជាតិ​រ៉ូហ៊ីងយ៉ា​ ដែលបានផ្លាស់ទីទៅកាន់​បង់ក្លាដែស ឲ្យវិលត្រឡប់​ទៅកាន់រដ្ឋ Rakhine របស់មីយ៉ាន់ម៉ា​វិញ៕