(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) នឹងបើកកិច្ចប្រជុំបន្ទាន់​មួយ នៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅក្នុង​ទីក្រុងញូយ៉ក) តបតាមសំណើ​ពីប្រទេស​ចំនួន ០៨ ដើម្បីពិភាក្សា​ស្ដីពីការសម្រេច​ចិត្ត ទទួលស្គាល់ទីក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់​អ៊ីស្រាអែល ពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃពុធ (ពេលវេលានៅវ៉ាស៊ីនតោន)។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

យោងតាម​មន្ត្រីតំណាងប្រទេសជប៉ុន ដែលបច្ចុប្បន្នជាប្រធាន​ក្រុមប្រឹក្សាសន្តិសុខ កិច្ចប្រជុំបន្ទាន់​នេះ ធ្វើឡើងតបតាម​សំណើពីប្រទេសចំនួន ០៨ ហើយនឹងត្រូវ​ប្រពឹ្រត្តទៅនៅ​ម៉ោង ១០៖០០នាទីព្រឹកថ្ងៃសុក្រ (ត្រូវនឹងយប់រំលងអាធ្រាតថ្ងៃសៅរ៍ ពេលវេលានៅកម្ពុជា)។ ប្រទេសទំាង ០៨មាន ប្រទេសប៊ូលីវី អេហ្ស៊ីប បារាំង អ៊ីតាលី សេណេហ្កាល់ ស៊ុយអែត ចក្រភពអង់គ្លេស និងអ៊ុយរុយហ្កាយ។ មិនតែប៉ុណ្ណោះពួកគេក៏បានអំពានាវឱ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គោទែរ៉ែស (Antonio Guterres) បើកកិច្ចប្រជុំនេះដែរ។

គួរបញ្ជាក់ថា បើតាមលោក Antonio Guterres ស្ថានការណ៍នៅហ្សេរុយសាឡឹម គឺបានឈានដល់​ដំណាក់កាលមួយ គួរឱ្យព្រួយបារម្ភ ហើយលោកអះអាងថា បញ្ហាទាំងឡាយអាច​ត្រូវបានដោះស្រាយ តាមរយៈកិច្ចចរចាដោយ​ផ្ទាល់​រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន​តែប៉ុណ្ណោះ៕