(ប៉េកាំង)៖ កងទ័ពចិននៅ​ថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការ​មិនពេញចិត្ត និងប្រឆាំងយ៉ាង​ដាច់ខាតតែម្តង ចំពោះការបញ្ជា​យន្តហោះដ្រូន (UAV) ដែលគេអាចហៅបានថា ជាយន្តហោះស៊ើបការណ៍សម្ងាត់ គ្មានមនុស្សជិះ ចូលមកក្នុងដែនអាកាស​របស់ប្រទេសចិន ដែលស្ថិតនៅតាម​បណ្តាលព្រំដែន ដ៏រសើបរវាង​មហាយក្សទាំងពីរ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

យន្តហោះ UAV របស់ឥណ្ឌា​មួយគ្រឿង ត្រូវបានឆ្មាំការពារព្រំដែនចិន​រកឃើញធ្លាក់ កាលពីពេល​ថ្មីៗនេះ នៅតាមបណ្តាយ​ព្រំដែនភាគខាងលិច​របស់ខ្លួន ដែលវាបាន​​កើតមាន​ឡើងខណៈដែល​ស្ថានការណ៍ព្រំដែន រវាងមហាយក្សធំបំផុត​ប្រចាំតំបន់អាស៊ី​ទាំងពីរនេះ នៅតែស្ថិតក្នុងភាព​ផុយស្រួយ ដែលអាចឈានទៅរកជម្លោះគ្រប់ពេលវេលា។

អ្នកនាំពាក្យការិយាល័យប្រតិបត្តិ នៃកងយោធាភូមិភាគខាងលិច របស់ក្រសួង​ការពារជាតិ លោក ចាង ស៊ុយលី (Zhang Shuili) បានប្រាប់​ឲ្យដឹងថា «ទង្វើរបស់ឥណ្ឌា​ខាងលើនេះ បានរំលោភ​ដែនអធិបតេយ្យភាព​របស់ចិន ហើយយើងពិតជា​មិនពេញចិត្ត​ជាខ្លាំង និងសូមធ្វើការប្រឆាំង​យ៉ាងដាច់ខាត ចំពោះបញ្ហានេះ​ផងដែរ»

គួរបញ្ជាក់ថា ទីបញ្ជាការយោធាចិន​ប្រចាំតំបន់ភាគ​ខាងលិច (ជាប់ព្រំដែនឥណ្ឌា) ក៏បាន​អះអាង​ផងដែរថា កងទ័ពចិននឹងចាត់​វិធានការណ៍ពេញលេញ ដើម្បីបំពេញ​បេសកកម្ម​របស់ខ្លួន​ ​ប្រកបដោយទំនួល​ខុសត្រូវខ្ពស់បំផុត និងការពារ​អធិបតេយ្យភាព ព្រមទាំង​សន្តិសុខជាតិ​ឲ្យបានពេញទំហឹង​តែម្តង៕