(វ៉ាស៊ីនតោន)៖ អតីតនាយកគ្រប់គ្រង​ជាន់ខ្ពស់ របស់​​ក្រុមហ៊ុន​ផលិតរថយន្ត Volkswagen ត្រូវបានកាត់ទោស​ឲ្យជាប់ពន្ធនាគារ​​រយៈ​ពេល ០៧ឆ្នាំ និងត្រូវបង់ប្រាក់​ពិន័យចំនួន ៤០០,០០០ដុល្លារ ដោយសារជាប់ពាក់ព័ន្ធ​នឹងការ​បោកប្រាស់ ជុំវិញ​ការ​បញ្ចេញ​​ឧស្ម័ន​​ពុល​ នៃរថយន្តរបស់​ក្រុមហ៊ុនអាល្លឺម៉ង់​ដ៏ល្បីល្បាញនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​ព្រឹក​​​ថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧។

តុលាការមួយ​ក្នុងទីក្រុង Detroit នៃរដ្ឋ Michigan បានផ្តន្ទាទោស​លោក Oliver Schmidt សម្រាប់ការ​ជាប់ពាក់ព័ន្ធ​របស់លោក នៅក្នុងរឿងអាស្រូវ​បោកប្រាស ពាក់ព័ន្ធ​នឹង​ការបញ្ចេញឧស្ម័នពុល​របស់​ក្រុមហ៊ុន Volkswagen នៅក្នុងទីផ្សារ​សហរដ្ឋអាមេរិក។ ជន​ជាតិ​អាល្លឺម៉ង់​រូបនេះ បានឆ្លើយសារភាព​កំហុសកាលពី​ខែសីហាកន្លង ក្រោមបទចោទប្រកាន់​ចំនួន ០២ករណី បន្ទាប់ពីការ​បក​អា​ក្រាតនៃផែនការមួយ ដែលរៀបចំឡើង​ដោយ Volkswagen ក្នុងដំឡើង​រថយន្តប្រើសាំង​ប្រមាណកន្លះ​លានគ្រឿង ដើម្បីគេចវេស​ពី​​ការកំណត់ស្តង់ដា​បញ្ចេញផ្សែងពុល​របស់អាមេរិក។

គួរជម្រាបថា លោក Schmidt គឺជាអតីត​ប្រធានគ្រប់គ្រង​​​របស់ក្រុមហ៊ុន Volkswagen ដែលទទួលបន្ទុក​​លើ​ការអនុឡោមតាម​ ស្តង់​ដាបញ្ចេញឧស្ម័នពុល​​ប្រចាំ​នៅ​សហរដ្ឋអាមេរិក។ ជុំវិញរឿងនេះ Volkswagen ផ្ទាល់​ក៏បានទទួលរងការពិន័យ​ជាទឹកប្រាក់​ចំនួន​២.៨ពាន់លានដុល្លារ​ផងដែរ ក្រោយបានសារភាព​កំហុស ​ចំពោះ​ការចោទ​ប្រកាន់លើ​បទល្មើស ០៣ករណី ពាក់ព័ន្ធនឹង​ផែនការ​​សម្ងាត់រាប់​ទសវត្សរ៍​របស់ខ្លួន ក្នុងការគេចវេះពីច្បាប់​បំភាយផ្សែងពុល​របស់អាមេរិក៕