​(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាននិយាយថា ការបង្កភាពតានតឹង​ឡើងវិញ​នៅលើឧបទ្វីបកូរ៉េ គឺជារឿងគួរឱ្យ​សោកស្ដាយ​ បន្ទាប់ពីស្ថានភាព​បាន​ស្ងប់ស្ងាត់ អស់រយៈជាងពីរ​ខែមកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

លោក វ៉ា យី ដូចខាងលើនៅក្នុងសន្នីសីទ​សារព័ត៌មានរួមគ្នា ​នៅថ្ងៃចន្ទនេះ ​ជាមួយសមភាគី​ម៉ុងហ្គោលីរបស់​លោក ដោយថែមទាំង​បញ្ជាក់ដែរថា ចិនបាន​បង្ហាញពីគោល​ជំហរឆ្ពោះ ទៅរកដំណោះស្រាយ ស្ដីពីអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្តែថាភាគី​ពាក់ព័ន្ធទាំងអស់​ គួរតែត្រូវពិគ្រោះយោបល់​គ្នា។

ភាពតានតឹងនៅ​លើឧបទ្វីបកូរ៉េផ្ទុះ​ឡើងជាថ្មី កាលពីចុង​ខែវិច្ឆិកា​កន្លងទៅ ក្រោយកូរ៉េខាងជើង​បានបាញ់សាកល្បង មីស៊ីលឆ្លងទ្វីប មួយគ្រាប់ធ្លាក់​ចូលក្នុងតំបន់​សេដ្ឋកិច្ចផ្ដាច់មុខ​ជប៉ុន នៅឯសមុទ្រខាងកើត ហើយព្រមទំាងបានអះអាងទៀតថា មីស៊ីលប្រភេទថ្មី​នេះ មានសមត្ថភាពបាញ់​ដល់ដីគោកអាមេរិក​ គ្រប់ទីតាំងទាំងអស់។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាន​ចាប់ផ្ដើមធ្វើសមយុទ្ធយោធា​ផ្លូវអាកាស បើទោះជាមាន​ការព្រមានពី​ទីក្រុងព្យុងយ៉ាងថា នេះជាសកម្មភាព​អាចនឹង បង្កទៅជាសង្រ្គាម​នុយក្លេអ៊ែរ​ក៏ដោយ៕