(សេអ៊ូល)៖ ​កងកម្លាំងចម្រុះ​នៃទ័ពអាកាស កូរ៉េខាងត្បូង-អាមេរិក នាថ្ងៃចន្ទនេះ បានចាប់ផ្តើម​ប្រារព្ធ​ការធ្វើ​សមយុទ្ធ​ផ្លូវ​អាកាស​ ដ៏​ធំសម្បើម​បំផុតរបស់ខ្លួន នៅតំបន់ឧបទ្វីបកូរ៉េ ដោយមាន​ការចល័ត​យន្តហោះចម្បាំង និង​ទម្លាក់​គ្រាប់​​បែក​ប្រមាណ​ ២៣០​គ្រឿង​។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅរសៀល​ថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

កងទ័ពអាកាស​កូរ៉េខាងត្បូង​បានឲ្យដឹងថា សមយុទ្ធតាមផ្លូវអាកាស​ទ្រង់ទ្រាយធំបំផុត ដែលមាន​ឈ្មោះថា Vigilant ACE ត្រូវធ្វើឡើងរួមគ្នា​ជាមួយនិង​អង្គភាពលេខ ០៧ នៃកងទ័ពអាកាស​សហរដ្ឋអាមេរិក ដែលឈរជើង​នៅមូលដ្ឋានទ័ព​​អូសាន (Osan) ក្នុងប្រទេស​កូរ៉េខាងត្បូង ចាប់ពី​ថ្ងៃចន្ទនេះ រហូតដល់ថ្ងៃសុក្រ ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិការ​រួមគ្នា ក្នុង​ពេល​ដែល​មាន​​សង្រ្គាម។

សមយុទ្ធយោធា​ខាងលើនេះ គឺជាសមយុទ្ធផ្លូវអាកាស​ខ្នាតធំជាងបង្អស់​​មិនធ្លាប់មាន រវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមាន​ការ​ចូលរួមពី​កម្លាំងយោធា​ប្រហែល ១២,០០០នាក់។ យន្តហោះដែល​មកចូលរួមក្នុង​សមយុទ្ធ Vigilant ACE រួមមានយន្តហោះ​​​ចម្បាំង​បំបាំង​កាយ​អាមេរិក ២៤គ្រឿង ដែលក្នុងនោះ​មានធុន F-22 ចំនួន ០៦គ្រឿង មកពីកោះ​អូគីណាវ៉ា នៃប្រទេស​ជប៉ុន, ធុន F-35A ចំនួន ០៦គ្រឿង និងធុន F-35B ចំនួន ១២គ្រឿង មកពីបន្ទាយទ័ពអាកាស​អាមេរិក នៅលើទឹកដី​ជប៉ុន។

ក្រៅពីនេះ យន្តហោះទម្លាក់គ្រាប់ដ៏មានអានុភាព B-1B Lancer របស់​សហរដ្ឋអាមេរិក ក៏ត្រូវគេ​រាយការណ៍ថា បានគ្រោង​នឹង​​​ធ្វើ​ការ​ហ្វឹកហ្វឺន​ទម្លាក់គ្រាប់បែក ក្នុងអំឡុងលំហាត់​សមយោធានេះ​ផងដែរ។ ម៉្យាងវិញទៀត យន្តហោះចម្បាំង EA-18G Growler ចំនួន​ ០៦គ្រឿង ព្រមទាំងយន្តហោះ​ចម្បាំង F-15C ក៏ដូចជា F-16 ក៏នឹងត្រូវបានចល័ត​មកចូលរួម​សមយុទ្ធ Vigilant ACE ដូចគ្នា។ ចំណែកឯពី​ខាង​កូរ៉េខាងត្បូងវិញ យន្តហោះ​ចម្បាំងធុន F-15K, KF-16, និង FA-50 នឹងចូលរួមធ្វើ​ប្រតិបត្តិការក្នុង​សមយុទ្ធនេះ។

គួរជម្រាបថា សមយុទ្ធខាងលើ​បានកើតមានឡើង មិនដល់មួយសប្តាហ៍នោះឡើយ បន្ទាប់ពី​របបដឹកនាំ​ទីក្រុងព្យុងយ៉ាង​​ បានធ្វើ​​តេស្តបាញ់​មីស៊ីល​ផ្លោង Hwasong-15 ដែលជាប្រភេទ​មីស៊ីលបាញ់​ឆ្លងទ្វីប ICBM ទើបតែអភិវឌ្ឍថ្មី​របស់​កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី២៩ ខែតុលា។ យោងតាម​យោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីល​នោះរត់បានចម្ងាយ ១,០០០គីឡូម៉ែត្រ បន្ទាប់ពីឡើង​ដល់រយៈ​កម្ពស់​​ដ៏ខ្ពស់ ៤,៦០០គីឡូម៉ែត្រ ខណៈវាត្រូវ​បានគេអះអាងថា បានហោះក្នុងចម្ងាយរហូតដល់ ១៣,០០០គីឡូម៉ែត្រ ពោលគឺអាចដល់​រដ្ឋ​ធានី​វ៉ាស៊ីនតោន របស់​សហរដ្ឋអាមេរិក៕