(តួកគី)៖ ឬសគល់នៃ​វិបត្តិនយោបាយ​នៅប្រទេសតួកគី​ ចាប់ផ្តើមពីរឿងអាស្រូវ នៃអំពើពុករលួយ​ដ៏ធំបំផុតនៅ​ក្នុងប្រវត្តិសាស្រ្ត​សម័យទំនើប ក្នុងប្រទេសមួយនេះ។ នយោបាយរបស់​ប្រទេសតួកគី គឺកំពុងត្រូវបាន​គេបំផ្លិចបំផ្លាញ​ ក្រោមការគ្រប់គ្រង​របស់លោក​ប្រធានាធិបតី Recep Tayyip Erdogan។

រឿងអាស្រូវនៃអំពើ​ពុករលួយនៅ​ក្នុងឆ្នាំ​២០១៣ នោះផងដែរ​ គឺជាករណីដែល​មានការពាក់ព័ន្ធ​នឹងបុគ្គលសំខាន់ៗ​ជាច្រើន នៅក្នុងជួរ​រដ្ឋាភិបាលនៃប្រទេសតួកគីផងដែរ។ កាលពីខែតុលា ឆ្នាំ២០១៣ ប៉ូលីសបានចាប់ខ្លួន​មនុស្សសរុបចំនួន ៥២នាក់ ដែលពួកគេទាំងនោះ គឺមានភ្ជាប់ទំនាក់ទំនង​តាមវិធី​ជាច្រើន ជាមួយគណបក្ស​យុត្តិធម៌ និងការអភិវឌ្ឍន៍ (AKP) របស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច។

ពួកគេទាំងនោះ​រួមមាន លោក Suleyman Aslan នាយកនៃ​ធនាគាររបស់រដ្ឋ Halkbank, អ្នកជំនួញអ៊ីរ៉ង់ លោក Reza Zarrab និងសមាជិកគ្រួសារ​ជាច្រើននៃខុទ្ទ​កាល័យរបស់រដ្ឋមន្រ្តី ដែលពាក់ព័ន្ធ​នឹងការ​សូកប៉ាន់ អំពើពុក​រលួយ ការក្លែងបន្លំ ការលាង​លុយកខ្វក់ និងការរត់​ពន្ធមាស។ បន្ទាប់ពីការ​មានការប៉ុនប៉ង ​ធ្វើរដ្ឋប្រហារ​កាលពីឆ្នាំមុន រដ្ឋាភិបាល​គណបក្សយុត្តិធម៌ និងការអភិវឌ្ឍ (AKP) ជាមួយ​ប្រធានាធិបតី លោក Erdogan បានចោទ​ប្រកាន់ លោក Gulen និងអ្នកគាំទ្រ​លោកថា ជាមេខ្លោង​នៅពីក្រោយការ​ធ្វើរដ្ឋប្រហារនេះ។

កាលពីចុងខែ​វិច្ឆិកាថ្មីៗនេះ សារព័ត៌មាន Reuters អោយដឹងថា សហភាពអឺរ៉ុប​​បានបដិសេដ មិនទទួលយក​ទស្សនៈ​របស់តួកគី​ដែលថា បុព្វជិតមូស្លីម Fethullah Gulen ដែលមាន​មូលដ្ឋាន​នៅសហរដ្ឋអាមេរិក គឺជាអង្គការ​ភេរវកម្ម ហើយទាមទារ​ឲ្យមាន​ភស្តុតាងច្បាស់លាស់ ដើម្បីផ្លាស់ប្តូរគោល​ជំហរ និងទស្សនៈ​របស់ខ្លួន។

ថ្មីៗនេះដែរមាន​ករណីមួយ​ ដែលបានធ្វើឲ្យភ្ញាក់ផ្អើល និងកំពុងវាយប្រហារ​ដល់ប្រទេស​តួកគីយ៉ាងខ្លាំង គឺករណីរបស់ លោក Reza Zarrab ដែលជា​សាក្សី​ដ៏សំខាន់ នៅក្នុងការជំនុំជម្រះ​ក្នុងទីក្រុងញូយ៉ក លើបទ​ចោទប្រកាន់ថា អតីតរដ្ឋមន្ត្រីតួកគី និងលោក​ប្រធានាធិបតី Recep Tayyip Erdogan បានចូលរួមផ្គត់ផ្គង់​លុយរាប់លាន​ទៅកាន់អឺរ៉ុង ប្រឆាំងនឹងការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក ទៅលើអ៊ីរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយ​របស់អាមេរិក​ ក៏បាននិយាយផងដែរថា អតីតទីប្រឹក្សា​សន្តិសុខជាតិ​របស់ Trump លោក Michael Flynn កំពុងស្ថិត​នៅក្រោមការស៊ើប​អង្កេត ក្នុងការចោទប្រកាន់ពី​បទ ពាក់ព័ន្ធការនិរទេស លោក Zarrab និងលោក Gulen ជាថ្នូរនឹងលុយរាប់សិប​លានដុល្លារ។ នេះបើតាម​សារព័ត៌មាន AFP ដែលត្រូវបានដកស្រង់ការផ្សាយ នៅថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧៕

ប្រែសម្រួលដោយ៖ រ៉នី