​(តូក្យូ)៖ ការស្ទង់មតិមួយ​បានឱ្យដឹងថា ៦០ភាគរយនៃស្ត្រី​គ្រប់វ័យរៀបការ​នៅក្នុង​ប្រទេសជប៉ុន មានការរារែក ឬមិនចង់មាន​ទំនាក់ទំនង​ស្នេហា ដោយសារតែការ​កើនឡើង​ នៃបន្ទុកការងារ។ នេះបើតាម Japan Times ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០១៧។

សារព័ត៌មាន​ជប៉ុន ​Japan Times ផ្អែកលើការស្ទង់មតិ​ នៃគេហទំព័រ cocoloni.jp ជាទីភ្នាក់ប្រឹក្សា​យោបល់ណាត់ជួប​គូស្នេហ៍ បានរាយការណ៍ថា បច្ចុប្បន្នស្រ្ដីកំពុង​ប្រឈមមុខ​នឹង បន្ទុកការងារ​កាន់តែច្រើន​ដូចបុរស​នៅក្នុងប្រទេស​ជប៉ុន ជាហេតុធ្វើឱ្យ​ពួកគេអស់កម្លាំង​ រហូតដល់ចូលចិត្តគេងនៅ​លើសាឡុង ឬមើលកម្មវិធីទូរទស្សន៍​ ជាជាងទៅណាត់​ជួបគូស្នេហ៍ ក្រោយបញ្ចប់ម៉ោងការងារ។

បន្ថែមពីលើនេះ​ការស្ទង់មតិដដែល​ក៏បានឱ្យដឹងដែរថា ស្ត្រីម្នាក់ក្នុងចំណោម​បួននាក់​បានសារភាពថា ពួកគេ​បានដេកលក់​នៅចំថ្ងៃគូណាត់ ដោយសារ អស់កម្លាំងពី​ការងារ ខណៈបើតាម​ការស្ទង់មតិរបស់​គេហទំព័រ Lovely Madia ស្ត្រីជប៉ុនកាន់​តែច្រើន​គិតថា ការណាត់ជួបគឺ​ជាការខ្ជះខ្ជាយ​ពេលវេលា។

គួរបញ្ជាក់ថា កាលពីនៅអំឡុង​ឆ្នាំ១៩៨០ ប្រមាណ ៦០ភាគរយ នៃចំនួន​យុវជនជប៉ុនមានអាយុ ខ្ទង់ ២០ឆ្នាំ មានទំនាក់ទំនង​ស្នេហា ប៉ុន្តែសព្វថ្ងៃអ្នកទាំងនេះ​ បែរជាស្ថិតនៅក្នុង​ចំណោមអ្នកមិន​ចាប់អារម្មណ៍​លើទំនាក់ទំនង​ស្នេហាទៅវិញ។ ប្រការនេះក៏ជាក្តីព្រួយបារម្ភធំបំផុតដែរ របស់រដ្ឋាភិបាល ក៏ព្រោះតែអត្រាបង្កកំណើតនៅក្នុងប្រទេស មានកម្រិតកាន់តែទាប និងកំណើតមនុស្សវ័យកណ្តាល និងចំណាស់ក៏កាន់តែច្រើន៕