(ហ្សកហ្ស៊ីប)៖ សណ្ឋាគារដ៏​ប្រណិតមួយ ស្ថិតនៅក្នុងតំបន់​ទេសចរណ៍ឆ្នេរសមុទ្រខ្មៅ នៃប្រទេស​ហ្សកហ្ស៊ី (ខាងកើតទ្វីបអឺរ៉ុប) ដែលមានកម្ពស់​រហូតដល់ទី ២២ជាន់ បានឆាបឆេះ​យ៉ាងខ្លាំង និងឆក់យកជីវិត​មនុស្ស ១១នាក់។ នេះបើតាម​ការចេញផ្សាយ​ព័ត៌មានដោយ BBC នារសៀល​ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

សណ្ឋាគារខាងលើនេះ​មានឈ្មោះថា Leogrand Hotel ដែលមានកាស៊ីណូ​នៅក្នុងនោះផងដែរ ដែលវាបានឆាបឆេះ​នៅពេលទៀបភ្លឺ ឈានចូលថ្ងៃសៅរ៍នេះតែម្តង ដោយក្រុម​ពន្លត់អគ្គីភ័យ​ នៃទីក្រុង Batumi ជាប់ឆ្នេរ​សមុទ្រខ្មៅ បានចំណាយ​ពេលពីរទៅបីម៉ោង ដើម្បីជម្លៀសមនុស្ស​ជាង ១០០នាក់ចេញពីអគារ និងធ្វើការពន្លត់​អគ្គីភ័យ​បានសម្រេច។

សម្រាប់ភ្លៀវមួយ​ចំនួនផងដែរ​បានទទួលរងរបួស ក្នុងនោះគឺ ​ជនជាតិតួកគី និងអ៊ីស្រាអែល​​សរុប ០៣នាក់។ ដោយឡែក​ម​នុស្សស្លាប់វិញ គឺ ១០នាក់ជាជនជាតិ​ហ្សកហ្ស៊ីផ្ទាល់ និងម្នាក់ទៀត ជាជនជាតិ​អ៊ីរ៉ង់ ហើយមូលហេតុ​ដែលបង្កការឆាបឆេះ​នេះឡើង គឺមិនទាន់​ត្រូវបានបញ្ជាក់​នោះឡើយ ប៉ុន្តែនាយករដ្ឋ​មន្ត្រីហ្សកហ្ស៊ី លោក Kvirikashvili បានផ្អាក​ដំណើររបស់​លោក​ទៅកាន់​រដ្ឋធានី Tbilisi រួចឆ្ពោះមកកាន់​ទីក្រុង Batumi វិញដើម្បីពិនិត្យស្ថានភាព​ជាក់ស្តែង៕