(បរទេស)៖ បន្ទាប់ពីប្រទេស​អេហ្ស៊ីប បានទទួលរង​ការវាយប្រហារ​ដ៏កក្រើក ទៅលើព្រះវិហារ​មូស្លីម​មួយកន្លែង នៅ​ភាគ​ខាង​ជើង​​ប្រទេស​មិន​ធ្លាប់មាន​ក្នុងប្រវត្តិសាស្រ្ត​សម័យទំនើប​របស់ខ្លួន  និងបានផ្តាច់​យកជីវិតមនុស្ស​យ៉ាងតិច ២៣៥នាក់នោះ ពិភពលោក​​​បានរួមគ្នា ចេញមុខ​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះសកម្មភាព​ភេរវកម្មដ៏សាហាវ​ឃោឃៅនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

អន្តរជាតិ​បានថ្កោលទោស​ធ្ងន់ៗ​ចំពោះ ការវាយប្រហារ​របស់ក្រុមភេរវករ ទៅលើព្រះវិហារ​មួយកន្លែង ក្នុងខេត្ត Sinai ខាង​ជើង​ប្រទេស​អេហ្ស៊ីប ដែលជាដំបូងបាន​បំផ្ទុះគ្រាប់បែក ហើយបាញ់ប្រហារ​សម្លាប់អ្នក​ប្រតិបត្តិ​សាសនាអ៊ីស្លាម ដែលបាន​រត់ចេញ​មក​ខាង​ក្រៅ ទាំងភាពភ័យ​តក់ស្លុត។ ដោយក្នុងចំណោមសហរដ្ឋអាមេរិក អឺរ៉ុប អង្គការសហប្រជាជាតិ ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម, គុយវ៉ែត, ទុយនេស៊ី, លីប៊ី, ស៊ូដង់, ហ្សង់ដានី, ស្រីលង្កា, និងប្រេស៊ីលជាដើម សុទ្ធតែបានចេញ​សេចក្តីថ្លែងការណ៍ ថោ្កលទោសយ៉ាងខ្លាំងរៀងៗខ្លួន។

គួរជម្រាបថា មកទល់ពេលនេះ ពុំទាន់មានក្រុម​ភេរវករណាចេញមុខ​ប្រកាសថា ជាទង្វើរបស់ពួកគេ​នៅឡើយទេ ក៏ប៉ុន្តែ​ការ​សង្ស័យ​​បាន​ធ្លាក់​​ទៅលើក្រុម​សកម្មប្រយុទ្ធ ISIS ដែលមាន​បណ្តាញដ៏រឹងមាំ នៅក្នុងខេត្ត Sinai និងតែងតែ​​​បានចេញមុខ​អះអាងថា ជាអ្នករៀបចំ​​ប្រតិបត្តិការ​ភេរវកម្មធំៗ​នៅ​អេហ្ស៊ីប ក្នុងអំឡុងពេល​​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។ ម៉្យាងវិញទៀតនេះ នេះគឺជាលើក​​ទី​​មួយ​ហើយ ដែលក្រុមភេរវករ បានមានគោលដៅ​វាយប្រហារ ទៅលើអ្នកប្រតិបត្តិសាសនា​អ៊ីស្លាម នៅអេហ្ស៊ីប៕