(សេអ៊ូល)៖ រដ្ឋមន្រ្តីការបរទេស​កូរ៉េខាងត្បូង លោកស្រី Kang Kyung-wha នាថ្ងៃសៅរ៍នេះ បានស្នើសុំការ​ជួយជ្រោមជ្រែង​​សហគម​ន៍​អន្តរ​ជាតិ ដើម្បីធ្វើឲ្យការ​ប្រកួតកីឡា​អូឡាំពិក-ប៉ារ៉ាឡាំពិក​រដូវរងារ ដែលនឹងប្រព្រឹត្ត​ទៅក្នុងតំបន់ PyeongChang នាឆ្នាំ២០១៨​​ខាង​មុខ គឺជាព្រឹត្តិការណ៍​សន្តិភាព​មួយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងទៅកាន់​ក្រុមអ្នក​សារព័ត៌មាន លោកស្រី Kang បាន​និយាយថា «ប្រទេស​កូរ៉េខាងត្បូង នឹងរៀបចំការប្រកួត​កីឡាអូឡាំពិក​​រដូវ​​រងា PyeongChang ឆ្នាំ២០១៨ ក្លាយជាព្រឹត្តិការណ៍​សន្តិភាពមួយ ដូចទៅ​ដែលយើងបាន​ប្រែក្លាយព្រឹត្តិការណ៍​កីឡាអូឡាំពិក​រដូវ​ក្តៅ​​​​​នៅឯទីក្រុង​សេអ៊ូល ជាឱកាសមួយ ដើម្បីកសាង​សន្តិភាព កាលពីប្រមាណ​ជា ៣០ឆ្នាំមុនដែរ»។ ប៉ុន្តែលោកស្រី​រដ្ឋមន្រ្តី​ការបរ​ទេស បានបញ្ជាក់ថា វាមិនអាចសម្រេច​បានដោយ​កូរ៉េខាងត្បូង​តែឯកឯង​ឡើយ ហើយលោកស្រី បានស្នើឲ្យមាន​ការជួយជ្រោម​ជ្រែង​ពីសហគមន៍​អន្តរជាតិ។

គួរជម្រាបថា ព្រឹត្តិការណ៍​កីឡាអូឡាំពិក​​រដូវរងា PyeongChang ត្រូវគេគ្រោងនឹងចាប់ផ្តើមប្រាព្ធ​ឡើងនាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ​ក្រោយ ​និងបន្តរហូត​ដល់ថ្ងៃទី២៥ ខែដដែល ខណៈការប្រកួត​កីឡាប៉ារ៉ាឡាំពិក នឹងធ្វើឡើង​ចាប់ពីថ្ងៃទី០៩ ខែមីនា ដល់ថ្ងៃទី១៨ ខែដដែល​នៅក្នុង PyeongChang ដូចគ្នា៕