(ហ្ស៊ីមបាវេ)៖ កាលពីល្ងាច​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ យោធាជាតិ​របស់ប្រទេស​ហ្ស៊ីមបាវេ បានប្រមូលផ្តុំគ្នា​ជុំវិញ​រដ្ឋធានី Harare ព្រមទាំងបាន​គ្រប់គ្រង​រាល់ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ទូទាំង​ប្រទេស និងតំបន់ផ្សេង​ទៀត។ នៅថ្ងៃទី១៥ ខែវិច្ឆិកា យោធាទាំងនោះ​បានចេញ​សេចក្តី​ថ្លែង​ការណ៍ថា នេះមិនមែន​ជាការធ្វើរដ្ឋប្រហារ​នោះទេ ចំណែក​ប្រធានាធិបតី Robert Mugabe ក៏មានសុវត្ថិភាព​នោះដែរ បើទោះបីជាស្ថានភាព​មិនអាចវិលត្រឡប់​ទៅវិញដូចដើមវិញ បន្ទាប់ពីពួកគេ​បានចាប់ខ្លួន រាល់ឧក្រិដ្ឋជន​ដែលជាមនុស្សជំនិត​នឹង លោក Mugabe ដែលបានបង្ក​វិបត្តិ​សេដ្ឋកិច្ច និងសង្គមក្នុង​ប្រទេស​ហ្ស៊ីមបាវេ។

ការធ្វើរដ្ឋប្រហារនេះ​ត្រូវបាន​ធ្វើឡើង ខណៈដែលមាន​ភាពតានតឹងរវាង​អតីត​អនុប្រធានាធិបតី Emmerson Mnangegwa ដែលមាន​យោធានៅពី​ក្រោយ និងស្ត្រីទីមួយ​របស់​ហ្ស៊ីមបាវេ លោកស្រី Grace Mugabe ដែលមាន​ក្រុម​សម្ព័ន្ធ G40 នៅពីក្រោយ។ លោកស្រី​ត្រូវបាន​គេរំពឹងថា អាចជា​អ្នកបន្តដំណែង​ពី​ប្រធានាធិបតី Mugabe ដែលជាស្វាមី​របស់លោកស្រី​ផ្ទាល់។

ក្នុងរយៈពេលមួយ​សប្តាហ៍បន្ទាប់ពី ​អតីត​អនុប្រធានាធិបតី Mnangagwa ត្រូវបាន​បណ្តេញចេញពី​ដំណែង និងបង្ខំឱ្យនិរទ្ទេសខ្លួនចេញទៅក្រៅ​ប្រទេស និងក្នុងរយៈពេល​មួយថ្ងៃមុន​ពេលយោធា ត្រូវបានដាក់​ពង្រាយ​ក្នុងរដ្ឋធានី Harare នោះ លោក​ឧត្តម​សេនីយ៍ Constantino Chiwenga បានធ្វើ​សេចក្តីថ្លែងការណ៍​ថា សកម្មភាព​វិសុទ្ធកម្ម​ទៅលើមន្ត្រី​ជាន់ខ្ពស់ ដូចជា​លោក Mnagagwa ជាដើមត្រូវតែ​បញ្ចប់។ ខាងក្រោមនេះ​ជាព័ត៌មានលម្អិត​ជុំវិញការធ្វើរដ្ឋ​ប្រហារ​យោធា ក្នុងប្រទេស​ហ្ស៊ីមបាវេ៖

១៖ ដំណើររឿង​នៃការឈានទៅ​រកការធ្វើ​រដ្ឋប្រហារ

ក្នុងសប្តាហ៍ដំបូង​នៃខែតុលា ឆ្នាំ២០១៧ ភាពតានតឹង​រវាង​អនុប្រធានាធិបតី Emmerson Mnangagwa និងស្ត្រីទីមួយ​របស់​ហ្ស៊ីមបាវេ លោកស្រី Grace Mugabe បានផ្ទុះឡើង​ដោយសារ​ការប្រជែងគ្នា ដើម្បីបន្ត​ដំណែងពី លោក Robert Mugabe ក្នុងនាមជា​ប្រធានាធិបតី ដែលត្រូវបាន​ផ្សព្វផ្សាយយ៉ាង​ទូលំទូលាយ ចំពោះមុខ​សាធារណជន។

លោក​អនុប្រធានាធិបតី Mnangagwa ធ្លាប់ជាសម្ព័ន្ធមិត្ត​របស់​លោកប្រធានាធិបតី Mugabe ចាប់តាំងពីសម័យ​សង្គ្រាមទាមទារឯករាជ្យ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ អនុប្រធានាធិបតី​រូបនេះ បានឱ្យ​ដឹងថា លោកត្រូវបាន​គេបំពុលដោយ​ថ្នាំពុល ក្នុងអំឡុង​នៃវិបត្តិនយោបាយ​ក្នុងខែសីហា ឆ្នាំ២០១៧ ដែលបង្កឡើង​ដោយប្រធានាធិបតី​តែម្តង ហើយលោកត្រូវ​បានគេដាក់​អ៊ុកស៊ីសែន បញ្ជូនទៅមន្ទីរពេទ្យ​អាហ្វ្រិកខាងត្បូង ដើម្បីសម្រាក​ព្យាបាល។

យ៉ាងនេះក្តី លោកនៅតែប្តេជ្ញា​ស្មោះត្រង់​ចំពោះបក្ស ZANU-PF ព្រមទាំង​ប្រធានាធិបតី Mugabe។ ដោយឡែក លោកស្រី Grace Mugabe បានបដិសេធ​ការអះអាងថា លោកស្រីជា​អ្នកបញ្ជា​ឱ្យបំពុល​ដោយចាត់ទុកថា ជារឿងគួរឱ្យ​អស់​សំណើច។ ជាមួយគ្នា​នេះដែរ លោក Phelekezela Mphoko អនុប្រធានាធិបតី​ហ្ស៊ីមបាវេ បានរិះគន់ជា​សាធារណៈ​ទៅលើ លោក Mnangagwa ថាការលើក​ឡើងរបស់​អនុប្រធានាធិបតី​រូបនេះ អំពីឧប្បត្តិហេតុនកាលពីខែសីហា គឺជាការប៉ុនប៉ង ដើម្បីធ្វើឱ្យប្រទេសជាតិ​ច្របូកច្របល់ ទម្លាក់អំណាចប្រធានាធិបតី និងដើម្បីបំបែក​បំបាក់បក្ស ZANU-PF ។

ចំណែកស្ត្រីទីមួយ​របស់​ហ្ស៊ីមបាវេ លោកស្រី Grace Mugabe នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ បានថ្លែងសុន្ទរកថា វាយប្រហារ​លោក Mnangagwa ថា អ្នកគាំទ្ររបស់​លោកស្រី​តែងតែ​ទទួលបាន​ការគំរាម​កំហែងថា ប្រសិន​បើ លោក Mnangagwa មិនបានស្នងដំណែង​ពី លោក Mugagbe ទេនោះ ពួកគាំទ្រ​ទាំងនោះ​នឹងត្រូវគេ​សម្លាប់ ហើយថា ក្រុមគាំទ្រ​លោក Mnangagwa គ្រោងនឹង​ធ្វើរដ្ឋប្រហារ​ផងដែរ។

នៅព្រឹត្តិការណ៍ប្រមូលផ្តុំមួយ កាលពី​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧​កន្លងទៅនេះ លោក​ប្រធានាធិបតី Mugagbe បានស្ដីបន្ទោស​ទៅលើ លោក Mnangagwa ជាសាធារណៈជា​លើកដំបូង។ នៅក្នុងការប្រមូលផ្តុំ​ដដែលនេះ លោកស្រី Grace បានហៅ​អនុប្រធានាធិបតី​រូបនេះថា ជា "អ្នកគ្រោង​ធ្វើរដ្ឋប្រហារ" និង "ជនកំសាក" ។ នៅថ្ងៃទី០៦ ខែវិច្ឆិកា ប្រធានាធិបតី​ហ្ស៊ីមបាវេ បានសម្រេច​បណ្តេញ​អនុប្រធានាធិបតី​រូបនេះ ចេញពី​ដំណែង។

សេចក្តីថ្លែងការណ៍​មួយពីសំណាក់រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន លោក Simon Khaya Moyo បាន​និយាយថា លោក Mnangagwa បានបង្ហាញភាព​មិនស្មោះត្រង់ ការគោរព និងមិនអាច​ជឿទុកចិត្ត​បានរហូតមក។ លោក Mnangagwa បានភៀសខ្លួន​ចេញពី​ប្រទេស ដើម្បី​និរទេសខ្លួន ប៉ុន្តែបានប្តេជ្ញាថា នឹងត្រឡប់មកវិញ​ហើយអំពាវនាវ​ឱ្យ​សមាជិកបក្ស ZANU- PF ឈប់គាំទ្រ​ប្រធានាធិបតីរូបនេះ​តទៅទៀត។ បន្ទាប់ពី​ការនិរទេស​ខ្លួន​អ្នកគាំទ្ររបស់​លោកជាង​មួយ​រយនាក់ ត្រូវបានក្រុមអ្នកគាំទ្រ​របស់​លោកស្រី Grace កំណត់គោលដៅ​ដើម្បីដាក់​ទណ្ឌកម្ម។

ការបណ្តេញ​លោក Mnangagwa ជាកិច្ចការដ៏សំខាន់​ ដើម្បីបន្សល់ឱកាសដល់​លោកស្រី Grace Mugabe និងបក្ខពួក ក្លាយជាបេក្ខជន​ដ៏សំខាន់តែ​មួយគត់ ដែលអាចបន្ត​ដំណែងពី លោក Robert Mugabe ។ Mnangagwa គឺជាសម្ព័ន្ធមិត្ត​នយោបាយចុង​ក្រោយ​បំផុតរបស់ លោក Mugagbe ដែលបាន​នៅជាប់ជាមួយ​ប្រធានាធិបតី​រូបនេះ តាំងពីសម័យ​ឯករាជ្យក្នុង​ឆ្នាំ១៩៨០។ អនុប្រធានាធិបតី​រូបនេះ ទទួលបាន​ការគាំទ្រពី​ឧត្តមសេនីយ៍​ជាច្រើនរូប នៅក្នុងជួរកងទ័ព​ហ្ស៊ីមបាវេ ដែលបានប្រកាសជា​សាធារណៈថា មានតែអ្នក​តស៊ូក្នុងសង្គ្រាម​ ដើម្បីឯករាជ្យភាព​ប៉ុណ្ណោះ ដែលគួរតែបាន​គ្រប់គ្រង​ប្រទេស។

ទោះបីជា​លោក​ប្រធានាធិបតី Mugagbe ធ្លាប់ពឹងផ្អែក​លើការគាំទ្រពី​សំណាក់យោធា​ ដើម្បីរក្សា​អំណាចរបស់លោក​នាពេល​កន្លងមកក្តី ប៉ុន្តែក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុង​ក្រោយនេះ លោកបែរ​ជាផ្លាស់ប្តូរអតីត​យុទ្ធជន​ចាស់ៗ ដែលធ្លាប់ត​ស៊ូក្នុងសម័យ​សង្រ្គាម​ឯករាជ្យ ហើយជំនួស​វិញដោយពួកមន្ត្រីវ័​យក្មេង ដែលមិនបាន​ប្រយុទ្ធនៅក្នុង​សង្គ្រាម​ទាល់តែសោះ ដើម្បីទទួលបាន​ដំណែងសំខាន់ៗ​ក្នុងបក្ស។

ការផ្លាស់ប្តូរនេះ ត្រូវបានគេមើល​ឃើញថា ដោយសារ​លោកស្រី Grace Mugabe មិនទទួលបាន​គាំទ្រច្រើន ពីសំណាក់មន្រ្តី​ចាស់​ក្នុងបក្ស ZANU-PF ដែលសល់ពី​សម័យសង្រ្គាម​រំដោះជាតិ​នោះទេ។ នៅថ្ងៃចន្ទ​ទី១៣ ខែវិច្ឆិកាកន្លង​ទៅនេះ មេបញ្ជាការ​យោធា​ហ្ស៊ីមបាវ៉េ លោក​ឧត្ដមសេនីយ៍ Constantino Chiwenga បានរៀបចំសន្និសីទ​សារព័ត៌មាន​មួយ នៅទីស្នាក់​ការយោធា ដោយលោក​បានធ្វើ​សេចក្តីថ្លែងការណ៍ថា នឹងមានការធ្វើ​អន្តរាគមន៍​ដោយកម្លាំង​យោធា ប្រសិនបើ​សម្ព័ន្ធមិត្ត​នយោបាយ​ក្នុងសម័យ​ប្រវត្តិសាស្រ្ត នៅតែបន្តជា​គោលដៅ​ចាប់ខ្លួន។

លោកបានហៅទង្វើថ្មីៗនេះថា "ជារឿងហួសហេតុ" ហើយបាន​និយាយថា យោធានឹង «មិនស្ទាក់ស្ទើរ​ក្នុងការបោះ​ជំហានទៅមុខ​ឡើយ " ប្រសិនបើវាចាំ​បាច់ដើម្បីការពារ​បដិវត្តន៍ហ្ស៊ីមបាវេ។ លោកឧត្តម​សេនីយ៍​រូបនេះ ក៏បានអំពាវនាវ​ឱ្យប្រជាពលរដ្ឋ ចូលរួមសន្និបាត​គណបក្ស ZANU-PF ក្នុងខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដើម្បីប្រើប្រាស់​សិទ្ធិប្រជាធិបតេយ្យ​របស់ខ្លួន ហើយថា គណបក្សនេះ​ត្រូវបានជ្រៀតជ្រែក​ដោយបដិវត្តន៍។ លោកក៏បាន​លើកឡើង​ផងដែរថា ការរំលោភបំពាន និងការបោស​សំអាតនៅ​ក្នុងបក្ស ZANU-PF បាននាំ​ទៅដល់​ភាពវឹកវរ បង្កឱ្យគ្មានការ​អភិវឌ្ឍក្នុងប្រទេស​នេះ អស់រយៈពេល​ប្រាំឆ្នាំ ។

២៖ ប្រតិកម្ម

លោក Nelson Chamisa អនុប្រធាន​ចលនា​ដើម្បីផ្លាស់ប្តូរទៅ​រកប្រជាធិបតេយ្យ ដែលជាបក្ស​ប្រឆាំងដ៏សំខាន់​ក្នុងប្រទេស ហ្ស៊ីមបាវេ បានទាម​ទារនូវ សន្តិភាព ធម្មនុញ្ញភាព ប្រជាធិបតេយ្យ ផ្តល់អំណាច​ដល់ច្បាប់ និងជីវិតមនុស្ស​ជាធំ បន្ទាប់ពីរដ្ឋប្រហារ​បានកើតឡើង។
ចំណែក​លោក Chris Mutsvangwa មេដឹកនាំសមាគម​ទាហានជើងចាស់​សេរីភាពជាតិ​ ប្រចាំប្រទេស​ហ្ស៊ីមបាវេ និងជាសម្ព័ន្ធមិត្ត​របស់ លោក Mnagagwa បានលើកសរសើរ​លោក​ឧត្តមសេនីយ៍ Constantino Chiwenga ដែលបានលុបបំបាត់​ការបំពានអំណាច​ដ៏ធំធេង ដោយគ្មាន​ការបង្ហូរឈាម និងសង្ឃឹមថា យោធាទាំងនោះ​នឹងពង្រឹង​លទ្ធិប្រជាធិបតេយ្យ ព្រមទាំងស្តាប្រទេសឱ្យក្លាយជាប្រជាជាតិគំរូដ៏រីកចម្រើន។

៣៖ ទស្សនៈអ្នកវិភាគ

លោក Derek Matyszak អ្នកវិភាគ​ពីវិទ្យាស្ថានសិក្សា​សន្តិសុខ បានបញ្ជាក់ថា ការដាក់ពង្រាយ​រថក្រោះនៅតាម​ដងផ្លូវនៃប្រទេស ហ្ស៊ីមបាវេ ជារឿង​ដ៏កម្រមួយ ហេតុនេះវត្តមាននៃយោធា​ទាំងនេះ អាចបញ្ជាក់បាន​ថា ប្រទេស​ហ្ស៊ីមបាវេ កំពុងឈានទៅ​រកដំណាក់​កាលថ្មីមួយ។
ដោយឡែក​ការលើកឡើងរបស់ លោក Nii Akuetteh អ្នកវិភាគគោល​នយោបាយ​អាហ្វ្រិក បានលើកឡើងថា សេចក្តីសម្រេច​របស់យោធា មិនមែន​ជាទង្វើខុសឆ្គង​នោះទេ ការធ្វើរដ្ឋប្រហារ​បែបនេះ គឺដើម្បី​បញ្ជៀសក្រុមប្រឆាំង​ កុំឱ្យប្រមូលផ្តុំដើម្បីធ្វើ​សកម្មភាពឥតសណ្តាប់​ធ្នាប់​ណាមួយ​តែប៉ុណ្ណោះ។

៤៖ ការឃុំឃាំង​ Mugabe ក្នុងលំនៅដ្ឋាន

ប្រធានាធិបតីអាហ្វ្រិក​ខាងត្បូង លោក Jacob Zuma បានឱ្យ​ដឹងថា លោក Rober Mugabe បច្ចុប្បន្នត្រូវបាន​ស្ថិតក្នុងការឃុំឃាំង​ក្នុងលំនៅដ្ឋាន ពីសំណាក់​យោធា​ហ្ស៊ីមបាវេ។ លោក Mugabe បានប្រាប់ដោយ​ប្រធានាធិបតីអាហ្វ្រិកខាងត្បូង​រូបនេះ តាមរយៈការ​ហៅទូរស័ព្ទថា លោកមិនមាន​បញ្ហាអ្វី​ឡើយ ប៉ុន្តែលោកមិនអាចចេញទៅក្រៅលំនៅដ្ឋានរបស់លោក​បាននោះទេ៕

បកប្រែ និងសម្រួល​ដោយ៖ អ៊ឹត ចណ្ណា