(ប៊ែរឡាំង)៖ ប្រទេសអាឡឺម៉ង់ កំពុងតែធ្លាក់ក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្រោយ​ពី​កិច្ច​ពិភាក្សា​ដើម្បី​បង្កើត​រដ្ឋា​ភិ​បាល​បន្ទាប់ ត្រូវទទួលបរាជ័យ ដែលប្រការនេះបានបំផ្លាញក្តីសង្ឃឹមរបស់ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និង​បង្ក​ឱ្យ​មាន​ការ​លើក​ឡើងជាសំណួរអំពី អនាគតនៃការកាន់អំណាច ក្នុងរយៈពេលយូររបស់លោកស្រី។ នេះ​បើ​យោង​តាម​ការដកស្រង់​ការផ្សាយចេញពីសារព័ត៌មានអាមេរិក CNN នៅល្ងាចថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

គណបក្សរបស់លោកស្រី Merkel បានចំណាយពេលជាច្រើនសប្តាហ៍ ដើម្បី​ផ្សះ​ផ្សា​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ជាមួយ ​បក្សនយោ​បាយចំនួន០៣ផ្សេងទៀត ប៉ុន្តែគម្រោងនេះបែរជាត្រូវបរាជ័យទៅវិញ បន្ទាប់ពីបក្សប្រជាធិបតេយ្យសេរី ដើរ​ចេញ​ពី​កិច្ច​ចរ​ចា​មុន​ពាក់កណ្តាលអាធ្រាតថ្ងៃអាទិត្យកន្លងទៅនេះ (ពេលវេលានៅអាល្លឺម៉ង់) ក្រោយ​ពី​មាន​ការ​ខ្វែង​គំនិត​គ្នា​ទៅ​លើ​វិបត្តិ​ជន​អន្តោ​ប្រវេសន៍។

លោកស្រី Merkel បានលើកឡើងថា លោកស្រី មានក្តីសោកស្តាយជាខ្លាំងដែលបក្សប្រជាធិបតេយ្យសេរី បានសម្រេចដក​ខ្លួន​ចេញពី​កិច្ច​ចរចាបែបនេះ ប៉ុន្តែលោកស្រីបានប្តេជ្ញាថា នឹងធ្វើការដឹកនាំប្រទេស ឆ្លងកាត់វិបត្តិនេះឲ្យបាន។

ជាចុងក្រោយ លោកស្រីបានលើកឡើងថា «ក្នុងនាមជាអធិការបតីម្នាក់ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បី​ពង្រឹង​ប្រទេស​នេះ​បន្ត ដើរ​ទៅ​មុខ​ដោយ​រលូន ឆ្លងកាត់ពេលវេលាដ៏លំបាកនេះ»។ ក្រោយមានបញ្ហាកើតឡើង លោកស្រីបានលុបចោលគម្រោង​ធ្វើ​កិច្ចជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ហើយជំនួសវិញ ដោយការធ្វើកិច្ចជំនួបជាមួយ ប្រធានាធិបតីអាឡឺម៉ង់ លោក Frank-Walter Steinmeier ដើម្បីពិភាក្សាពីជំហានបន្ទាប់៕