(អាហ្សង់ទីន)៖ ជោគវាសនា​របស់ក្រុមនាវិកទាំង ៤៤នាក់ នៅលើ​នាវាមុជទឹកមួយ​គ្រឿង បានបាត់ខ្លួនកាលពី​ថ្ងៃពុធ​សប្ដាហ៍មុន កំពុងស្ថិត​នៅក្នុងស្ថានភាព​ដ៏លំបាកមួយ ខណៈ ក្រុមអ្នកជួយ​សង្រ្គោះនៅសល់ពេល​តែពីរថ្ងៃ​ទៀត​ប៉ុណ្ណោះ ដើម្បីកំណត់​ទីតាំងដែលនាវាមុជ​ទឹកនេះ​ស្ថិតនៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមអ្នកនំាពាក្យ​កងនាវា​អាហ្សង់ទីន លោក Enrique Balbi រលកសំឡេង​ត្រូវគេចាប់​បានកាលពី​ថ្ងៃចន្ទ មិនមែនមាន​ប្រភពមកពី​នាវា​មុជទឹក San Juan នោះឡើយ ដែលនេះ​បានធ្វើឱ្យក្ដីសង្ឃឹម​ក្នុងការស្វែងរក​នាវាមុជទឹក​នេះ កាន់តែខើចទៅៗ។ បន្ថែមពី​លើនេះ លោក Enrique ក៏បានបញ្ជាក់​ដែរថា ប្រតិបត្តិការ​ស្វែងរក​ចំណាយពេល ០៥ថ្ងៃ មកនេះបាន ឈាន​ដល់ដំណាក់​កាលមួយ​កាន់តែ​លំបាក ដោយសារ​តែសុពលភាព​ នៃខ្យល់​អុកស៊ីហ្សែន​នៅលើនាវា​មុជទឹកជិតអស់។ ពោលគឺជាធម្មតា​បើសិនជានាវាមុជទឹក​នៅលើផ្ទៃទឹក នោះខ្យល់ អុកស៊ីហ្សែន​អាចមាន​សុពលភាព ៣០ថ្ងៃ ប៉ុន្តែបើ​នាវាមុទឹក San Juan ស្ថិតនៅក្រោម​បាតសមុទ្រ ខ្យល់អុកស៊ីហ្សែន​អាចទ្រទ្រង់បាន ០៧ថ្ងៃប៉ុណ្ណោះ ដូច្នេះក្រុមអ្ន​ក​សា្រវជ្រាវ​នៅសល់ ពេលតែពីរថ្ងៃ​ ដើម្បីកំណត់ទីតាំងដែលនាវា​មុជទឹកនេះ​ស្ថិតនៅ។   

គួរជម្រាបថា នាវាមុជទឹក San Juan ដែលមានផ្ទុក​​នាវិកចំនួន ៤៤នាក់ នៅលើនោះ បានបាត់ខ្លួន​ចាប់តាំងពី​​បានធ្វើការទាក់ទង​​​លើក​ចុងក្រោយ កាលពីថ្ងៃពុធ​សប្តាហ៍មុន នៅពេលកំពុង​ធ្វើដំណើរចេញពី​​កំពង់ផែក្រុង Ushuaia ទៅកាន់​ទីក្រុង Mar del Plata ក្នុងខេត្ត Buenos Aires នៃប្រទេសអាមេរិកឡាទីនមួយនេះ៕