(សេអ៊ូល)៖ សិង្ហបុរីនា​ពេលថ្មីៗនេះ បានបញ្ឈប់រាល់ការធ្វើពាណិជ្ជកម្មនានា ជាមួយ​កូរ៉េខាងជើង អនុឡោមតាម​ដំណោះស្រាយ​ដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ (UNSC) ប្រឆាំងនឹងកម្មវិធី​នុយក្លេអ៊ែរ និងមីស៊ីល​នៃរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង។ កាលពីឆ្នាំមុន​សិង្ហបុរី គឺជាដៃគូរពាណិជ្ជកម្ម​ដ៏ធំ​ទី០៧ របស់កូរ៉េខាងជើង​ដោយពាណិជ្ជកម្ម​ទ្វេភាគីរវាង ប្រទេសទាំង​ពីរ​មានទំហំ ១២.៩៩លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។​

នៅក្នុងសារាចរ​មួយចុះ​ថ្ងៃទី០៧ ខែវិច្ឆិកា ផ្ញើជូនក្រុម​ពាណិជ្ជករអាជ្ញាធរគយ​សិង្ហបុរី​ ប្រកាសពី​ការហាមឃាត់ រាល់ការជួញដូរមុខទំនិញ​នាំចូល និងនាំចេញ​ទៅកាន់ប្រទេស​កូរ៉េខាង​ជើង កាត់តាមទឹកដីសិង្ហបុរី។ បន្ថែមពី​លើនេះ ពាក់ព័ន្ធនឹង​កិច្ចព្រមព្រៀង ​មិនមែនពាណិជ្ជកម្ម​ជាមួយកូរ៉េខាងជើង ការហាមឃាត់នេះ​នឹងត្រូវអនុវត្ដន៍ ទៅលើមុខទំនិញ​ដែលត្រូវ​បានដាក់ ទណ្ឌកម្ម​ក្រោម​ដំណោះស្រាយ​ នៃក្រុមប្រឹក្សាសន្តិសុខ ហើយការ​ដាក់ពិន័យផ្សេងៗ​ នឹងត្រូវចូលជាធរមាន​រាប់ចាប់ពី​ថ្ងៃទី០៨ ខែវិច្ឆិកា​តទៅ។

តែទោះជា​យ៉ាងនេះក្ដី ក្រុមពាណិជ្ជករ​ក៏ត្រូវ​បានគេតម្រូវផងដែរ​ឱ្យដាក់ពាក្យ​ស្នើសុំ ការអនុញ្ញាត​ពី​អាជ្ញាធរ​គយសិង្ហបុរី យ៉ាងតិចបីថ្ងៃមុន​នាវាដឹកទំនិញ​ មិនមែនជា​ពាណិជ្ជកម្ម មកដល់ ឬមានគោលដៅ​ទៅកាន់​កូរ៉េខាងជើង កាត់តាម​សិង្ហបុរី។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​គយសិង្ហបុរី អ្នកដែលរំលោភ​លើការ​ហាមឃាត់នេះ នឹងត្រូវ​ពិន័យជាប្រាក់ ១០០,០០០ដុល្លារ​សិង្ហបុរី (៧៣,៦៦០ដុល្លារអាមេរិក) ឬស្មើបីដង​នៃតម្លៃ​មុខទំនិញ ឬក៏អាចជាប់​ពន្ធនាគារ ០២ឆ្នាំ។ ចំណែកឯ​ការពិន័យ​ជាអតិបរាមា អាចមាន​រហូតដល់​ទៅ ២០០,០០០ដុល្លារសិង្ហបុរី ឬស្មើ ៤ដងនៃតម្លៃមុខទំនិញ ឬក៏អាច​ជាប់ពន្ធនាគារ ០៣ឆ្នាំ៕