(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​កំពុងតែរំលោភលើសេចក្តី សម្រេចរបស់​ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាតិ (UNSC) ស្តីពីការ​ចេញ​សិទ្ធិ​អនុញ្ញាត​ឲ្យមានសកម្មភាព​យោធា ប្រឆាំងនឹង​ក្រុមភេរវករ ISIS បន្ថែមពីលើ​បំពានដែនអធិបតេយ្យភាព ​របស់ប្រទេស​ស៊ីរី។ នេះបើតាម​សម្តីអតីត​មន្រ្តីកិច្ចការទូត​អាមេរិក​មួយរូប ដកស្រង់ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧។

កាលពីថ្ងៃចន្ទ​ដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិ​អាមេរិក លោក James Mattis បាន​និយាយថា វត្តមានរបស់កងទ័ព​អាមេរិក​នៅ​ស៊ីរី ត្រូវបានអនុញ្ញាត​ត្រឹមត្រូវ​ ពីសំណាក់​អង្គការ​សហប្រជាជាតិ ដោយសារតែ​ទីក្រុង​វ៉ាស៊ីនតោន កំពុងបានចូលរួម​ក្នុងសមរភូមិ​​ប្រ​យុទ្ធ​ប្រឆាំង​ក្រុម ISIS។

យ៉ាងណាមិញ លោក Jim Jatras ដែលមាននាទី​ជាទីប្រឹក្សា​ជាន់ខ្ពស់របស់​ថ្នាក់​ដឹក​នាំ​​បក្ស​សាធារណរដ្ឋ នៅ​ក្នុង​ព្រឹទ្ធ​សភា​​អា​មេ​រិក​​ផង​ដែរនោះ បានថ្លែងថា «ការអះអាងថា តាមកម្ចាត់​ក្រុម ISIS នេះ មិនអាចផ្លាស់ប្តូរ​អ្វីបាន​ទាំងអស់។ វាពុំអាចធ្វើ​ជាលេសសម្រាប់ ​​ការបោះមូលដ្ឋានទ័ព​អាមេរិក​ជាច្រើនកន្លែង នៅក្នុងតំបន់កាន់កាប់​ដោយពួក​ឃើដ នៅស៊ីរីបាន​ឡើយ។ ម៉្យាងវិញទៀត វាក៏ពុំ​អាច​យកធ្វើជាការ​ដោះសារ សម្រាប់​សេចក្តីរាយការណ៍​ថ្មីៗនេះ ដែលថា កងកម្លាំងគាំទ្រ​ដោយអាមេរិក ដាក់បង្កើត​ការព្រមព្រៀង​ជាមួយ​ ISIS ក្នុងការបើកផ្លូវ​ឲ្យសមាជិកក្រុម​ភេរវករនេះ​ រាប់ពាន់នាក់​ភៀសខ្លួនចេញ​ពីក្រុង Raqqa ដែរ​»។

លោក Jatras បានកត់​សម្គាល់ថា ក្រុមប្រឹក្សាសន្តិសុខ UN មិនដែល​ធ្លាប់​ផ្តល់សិទ្ធិអនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក ក្នុងការធ្វើ​ប្រតិបត្តិ​ការ​យោធា ប្រឆាំងនឹង​ក្រុម ISIS ក៏ដូចជាក្រុម​សកម្មប្រយុទ្ធដទៃៗ​ទៀត នៅក្នុងទឹកដី​ប្រទេសស៊ីរី​ឡើយ ហើយទីក្រុងវ៉ាស៊ីនតោន​​​ ក៏មិនធ្លាប់​​ដែលសុំសិទ្ធិអនុញ្ញាត​ពីរដ្ឋាភិបាលស៊ីរីដែរ។

គួរជម្រាបថា វត្តមានអាមេរិក​នៅស៊ីរី​នាពេលកន្លងមក បានទទួលរងការរិះគន់​ជាបន្តបន្ទាប់ ដោយទីក្រុង​ដាម៉ាស់ ដែលបាន​សង្កត់​ធ្ងន់ថា ប្រតិបត្តិការយោធា​បរទេសនានា ដែល​ប្រព្រឹត្ត​ទៅដោយគ្មានការយល់ព្រម​ឯកភាព ពីរដ្ឋាភិបាលស៊ីរី នឹងត្រូវចាត់ទុកថា​ជា​ការឈ្លានពាន​ដោយខុសច្បាប់៕