(អាមេរិក)៖ នៅពេលដែល​អ្នកវិទ្យាសាស្រ្ត បានយល់ដឹង​កាន់តែច្រើនអំពី​ភពភ្លុយតូ (Pluto) ភពមិនពេញ​លក្ខណៈដ៏តូចច្រឡឹង​មួយ​នេះ ក៏កាន់តែគួរឲ្យ​ចាប់អារម្មណ៍ឡើងៗ​ដូចគ្នាផងដែរ ដោយនាពេលនេះ ការសិក្សាថ្មីមួយ​បានបង្ហាញថា ភាគល្អិតអ៊ីដ្រូកាបូន​នៅក្នុង​បរិយាកាស​របស់ភ្លុយតូ តាមពិតគឺ​ជាមូលហេតុនៅពីក្រោយ​សីតុណ្ហភាព​ដ៏ត្រជាក់ និងគួរឲ្យ​ភ្ញាក់ផ្អើល​របស់វា។ នេះបើតាមការ​​ដកស្រង់​ការផ្សាយចេញពី វែបសាយអវកាស-វិទ្យាសាស្រ្ត Space.com នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

បើតាមក្រុមការងារ​នៃការសិក្សា​ខាងលើ ហេតុដូច្នេះហើយ ភ្លុយតូ គឺជាភពយើងដឹងតែ​មួយគត់ ដែលមានសីតុណ្ហភាព​រុញច្រាន​​​ភាគច្រើន​ដោយភាគល្អិត​នៃអ័ព្ទ ជាជាងម៉ូលេគុល​របស់ឧស្ម័ន។ បើតាមការហោះ​ឆ្វែលដ៏អស្ចារ្យកាល​ពីខែកក្កដា ឆ្នាំ២០១៥ របស់​យានអវកាស​អង្គការណាសា New Horizons នៅជុំវិញភព​មិនពេញ​លក្ខណៈនេះ ភ្លុយតូ​មានកម្រិតស៊ីតុណ្ហភាព​ជាងដក ២០០អង្សា​សេ។

គួរជម្រាបថា ភ្លុយតូ គឺជាភពមិនពេញ​លក្ខណៈដ៏ល្បី​ឈ្មោះបំផុត​ប្រចាំនៅក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់យើង ដោយវាធ្លាប់បានឆ្លង​កាត់​ការចាត់ថ្នាក់​ភពឡើងវិញ ដែលបានដកតំណែង​ជាភពទី០៩ និងជាភពឆ្ងាយជាង​គេពីព្រះអាទិត្យចេញ​ពីវាវិញ​។

ងាកមកកាន់យាន New Horizons របស់អង្គការ NASA វិញ វាត្រូវបានបាញ់​បង្ហោះ​កាលពីឆ្នាំ២០០៦ និងទៅដល់​ភពភ្លុយតូ ដែលមានចម្ងាយជាង ៩ពាន់លានគីឡូម៉ែត្រ ពីភពផែនដី នៅឆ្នាំ២០១៥ (ប្រើពេល​ហោះហើរ ០៩ឆ្នាំ)។ បច្ចុប្បន្ន​យាននេះ កំពុង​សំដៅ​ទៅកាន់តំបន់ក្បែរ​ខ្សែក្រវាត់ Kuiper ដែលស្ថិតនៅចុងបំផុត​នៃប្រព័ន្ធព្រះអាទិត្យ ដើម្បី​បំបែក​អាថ៌កំបាំង និងស្វែងរកភព​មិនគ្រប់លក្ខណៈផ្សេងៗ​ទៀតផងដែរ៕